លោក Yury Kokov អនុលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា មធ្យោបាយដែលអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU)ប្រើប្រាស់ បានឈានទៅដល់ទម្រង់ដ៏ជ្រុលនិយមនៃភេរវកម្មអន្តរជាតិ។

លោកបាននិយាយថា៖ «មធ្យោបាយដែលអង្គការណាតូ និងសហភាពអឺរ៉ុបប្រើប្រាស់ បានឈានដល់កម្រិតជ្រុលនិយមដ៏ខ្លាំង ដែលអាចចាត់ទុកបានថា ស្ថិតក្រោមនិយមន័យនៃអំពើភេរវកម្មអន្តរជាតិទាំងស្រុង»។

លោក Kokov បានកត់សម្គាល់ថា ការប្រើប្រាស់វិធីសាស្ត្រហិង្សាដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន បានក្លាយជា«ទម្លាប់ទូទៅរបស់ក្រុមឥស្សរជនហិរញ្ញវត្ថុអង់ហ្គ្លូ-សាក់សុន (Anglo-Saxon) ដែលទ្រព្យសម្បត្តិរបស់ពួកគេដើមឡើយ កើតចេញពីការដណ្តើមយកទឹកដីបរទេស ការប្លន់ ការធ្វើអាណានិគម និងការជួញដូរទាសករ»។
លោកអនុលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបន្ថែមថា៖ «ពួកគេមិនដែលស្ទាក់ស្ទើរលក្នុងការប្រើអំពើហិង្សា ដើម្បីដោះស្រាយជម្លោះផ្ទៃក្នុង និងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្រៅប្រទេសនោះឡើយ»។
លោកបានបន្តថា៖ «ដូច្នេះគួររំលឹកឡើងវិញអំពីមូលហេតុដែលសហភាពអឺរ៉ុប (EU) ត្រូវបានបង្កើតឡើង ស្របតាមសន្ធិសញ្ញាឆ្នាំ ១៩៩២ ដែលបានចុះហត្ថលេខានៅទីក្រុងម៉ាស្ត្រិច (Maastricht) នៃប្រទេស ហូឡង់»។ «យ៉ាងណាមិញ នៅពេលនោះ គោលបំណងដ៏ថ្លៃថ្នូជាច្រើន ត្រូវបានប្រកាសឡើង រួមមាន ការលើកកម្ពស់សន្តិភាព វិបុលភាព និងសមភាពរវាងប្រជាជន ការអភិវឌ្ឍប្រកបដោយចីរភាព ការធានាកម្រិតខ្ពស់នៃការការពារសង្គមសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវច្បាប់អន្តរជាតិ និងគោលការណ៍នានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ»៕