រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាននានារបស់រុស្ស៊ីបាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនជាមួយសមភាគីបារាំងគឺលោក Emmanuel Macron ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ និងបានជំរុញលោកខាងលិចឲ្យដាក់សម្ពាធលើទីក្រុង Kyiv ដើម្បីឲ្យបញ្ឈប់អំពើឃោរឃៅ។

លោក Putin បានប្រាប់ទៅលោក Macron ថា លោកខាងលិចអាចជួយបញ្ចប់ឧក្រិដ្ឋកម្មសង្គ្រាម និងការបាញ់ផ្លោងយ៉ាងសន្ធាប់ទៅលើទីក្រុង និងជំរំស្នាក់នៅបណ្ដោះអាសន្ននានានៅក្នុងតំបន់ Donbas ដែលបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។ ប្រទេសរុស្ស៊ីច្រានចោលការចោទប្រកាន់ពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ដោយកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយបានស្ដីបន្ទោសការស្លាប់ជនស៊ីវិលទៅលើអ្វីដែលខ្លួនហៅថា ជាស្នាដៃរបស់ក្រុមជនផ្ដាច់ខ្លួន និងពួកណាស៊ីនិយមបែបថ្មី ជាការអះអាងដែលត្រូវបានទាត់ចោលដោយក្រុង Kyiv និងលោកខាងលិច។

ទីភ្នាក់ងារសារព័ត៌មាន RIA ដកស្រង់ប្រភពពីវិមានក្រឹមឡាំងដោយនិយាយថា លោកខាងលិចអាចជួយបញ្ឈប់អំពើឃោរឃៅនៅក្នុងប្រទេសអ៊ុយក្រែន ដោយប្រើឥទ្ធិពលរបស់ខ្លួនដាក់លើក្រុមអាជ្ញាធរក្រុង Kyiv និងបញ្ចប់ការដឹកជញ្ជូនអាវុធទៅកាន់អ៊ុយក្រែន។ លោក Putin ក៏បានប្រាប់សមភាគីរបស់លោកផងដែរថា ក្រុង Moscow នៅតែត្រៀមខ្លួនជានិច្ចសម្រាប់ការសន្ទនាជាមួយអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន