រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានប្រកាសកាលពីថ្ងៃពុធថា លោកកំពុងដាក់ឲ្យដំណើរការនូវកម្មវិធីពិនិត្យសុខភាពថ្មីមួយសម្រាប់រកមើល «កង្វះអ័រម៉ូនតេស្តូស្តេរ៉ូន» ក្នុងចំណោមកងទ័ព ដោយលោកបាននិយាយថា វាជារឿងចាំបាច់ ដើម្បីអនុញ្ញាតឲ្យពួកគេអាចបំពេញភារកិច្ចនៅកម្រិតល្អបំផុតរបស់ពួកគេ»។

លោកបាននិយាយថា ការធ្វើតេស្តពិនិត្យទាំងនេះ នឹងត្រូវអនុវត្តជារៀងរាល់ឆ្នាំ ជាផ្នែកមួយនៃការពិនិត្យសុខភាពដែលតម្រូវឲ្យសមាជិកកងទ័ពធ្វើ សម្រាប់អ្នកដែលមានអាយុ ៣០ ឆ្នាំឡើងទៅ។ ទាហានដែលមានអាយុក្រោម ៣០ឆ្នាំ អាច ស្ម័គ្រចិត្តចូលរួមធ្វើតេស្តនេះបាន។ នៅក្នុងវីដេអូមួយដែលបង្ហោះលើបណ្តាញសង្គម លោក Hegseth បាននិយាយថា ការទទួលការព្យាបាលដោយបន្ថែមអ័រម៉ូនតេស្តូស្តេរ៉ូន នឹងធ្វើឡើងដោយស្ម័គ្រចិត្ត។
នៅក្នុងវីដេអូនោះ លោក Hegseth បាននិយាយសំដៅទូទៅទៅលើកងទ័ពប៉ុណ្ណោះ ប៉ុន្តែវាហាក់ដូចជាលោកកំពុងលើកឡើងអំពីការធ្វើតេស្តតែទៅលើទាហានបុរសដែលកំពុងបំពេញភារកិច្ច ដើម្បីរកភាពមិនប្រក្រតីនៃអ័រម៉ូនរបស់ពួកគេ។

ចំណាត់ការនេះ កើតឡើង នៅពេលដែលមន្ត្រីផ្សេងទៀតក្នុងរដ្ឋបាល លោក ត្រាំ បានចាប់ផ្តើមគាំទ្រឲ្យ បុរសអាចទទួលបាន ការព្យាបាលដោយបន្ថែមអ័រម៉ូនតេស្តូស្តេរ៉ូនកាន់តែងាយស្រួល។ ប៉ុន្តែការផ្ញើសាររបស់លោក Hegseth និងមន្ត្រីដទៃទៀត បានលាយបញ្ចូលគ្នារវាងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដែលបានទទួលស្គាល់អំពីអ័រម៉ូននេះ ជាមួយនឹងការអះអាងទូលំទូលាយផ្សេងទៀតដែលមិនទាន់មានភស្តុតាងគាំទ្រគ្រប់គ្រាន់៕