អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបញ្ជូនកងទ័ពទៅធ្វើប្រតិបត្តិការយោធាជើងគោកនៅអ៊ីរ៉ង់ ក្នុងគោលបំណងផ្លាស់ប្តូរ ឬផ្តួលរំលំរដ្ឋាភិបាលរបស់ប្រទេសនេះ ទេ។

លោកបាននិយាយនៅលើគេហទំព័របស់តារាកំប្លែង និងជាពិធីករទូរទស្សន៍អាមេរិក លោក Joe Rogan ថា៖«យើងមិនបញ្ជូនកងទ័ពជើងគោកចំនួន ១៥០.000 នាក់ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូររបបទេ លុះត្រាតែប្រជាជនអ៊ីរ៉ង់ខ្លួនឯងចង់ធ្វើការផ្លាស់ប្តូរនោះ»។ លោកក៏បានសង្កត់ធ្ងន់ថា៖«ការស្នើឲ្យបញ្ជូនកងទ័ពចូលទៅ គឺស្មើនឹងការនិយាយថា កងទ័ពអាមេរិក គួរតែធ្វើការផ្លាស់ប្តូររដ្ឋាភិបាលជំនួសប្រជាជនអ៊ីរ៉ង់។ ប៉ុន្តែអាមេរិកលែងអនុវត្តគោលនយោបាយបែបនោះទៀតហើយ»។
លោក Vance បានបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងខិតខំធានាឲ្យការដឹកជញ្ជូនប្រេង និងឧស្ម័នប្រព្រឹត្តទៅដោយរលូន គ្មានការរាំងស្ទះ ព្រមទាំងទប់ស្កាត់មិនឲ្យអ៊ីរ៉ង់មានកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយប្រើទាំងឧបករណ៍ការទូត និងអំណាចយោធា ដើម្បីសម្រេចគោលដៅនោះ៕
