សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារបន្តបន្ទាប់ផ្សេងទៀត លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) ដោយបង្កើនកាន់តែខ្លាំងឡើងនូវយុទ្ធនាការយោធា ដែលបានទាក់ទាញឱ្យមានការចាប់អារម្មណ៍រួចទៅហើយ លើបន្ទុកហិរញ្ញវត្ថុដែលកំពុងកើនឡើង ដោយមានរបាយការណ៍មួយចំនួនប៉ាន់ប្រមាណថា ការចំណាយអាចឡើងដល់ចន្លោះ ៨០ពាន់លាន ទៅ ១០០ពាន់លានដុល្លារ។
បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹងថា ការវាយប្រហារចុងក្រោយនេះ បានកំណត់គោលដៅលើសមត្ថភាពយោធារបស់អ៊ីរ៉ង់ ដែលពាក់ព័ន្ធនឹងការគំរាមកំហែងដល់នាវាពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បន្តកើនឡើងយ៉ាងខ្លាំង។
កាលពីព្រឹកថ្ងៃពុធ CENTCOM បានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារលើកដំបូង នៅវេលាម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១០ម៉ោងសកល) ហើយបានបញ្ជាក់ថា អំឡុងប្រតិបត្តិការរយៈពេល ៩០នាទីនេះ កងកម្លាំងអាមេរិកបានប្រើប្រាស់អាវុធជាក់លាក់ ប្រឆាំងនឹងប្រព័ន្ធការពារឆ្នេរសមុទ្រ ក៏ដូចជាកន្លែងផ្ទុក និងបាញ់មីស៊ីលតម្រង់គោលដៅ នៅលើកោះ Greater Tunb។
ការវាយប្រហារចុងក្រោយនេះ បានធ្វើឡើងចំពេលដែលកងទ័ពសហរដ្ឋអាមេរិក បន្តអនុវត្តវិធានការបិទខ្ទប់ផ្លូវទឹក ដោយផ្តោតគោលដៅលើនាវាទាំងឡាយណាដែលធ្វើដំណើរទៅ និងមកពីកំពង់ផែ ក៏ដូចជាតំបន់ឆ្នេរនានារបស់ប្រទេសអ៊ីរ៉ង់។ កងទ័ពសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តវិធានការបិទខ្ទប់នេះ។

ខណៈពេលដែលសហរដ្ឋអាមេរិកបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ ការចំណាយហិរញ្ញវត្ថុនៃយុទ្ធនាការនេះ បានក្លាយជាប្រភពនៃក្តីបារម្ភកាន់តែខ្លាំងឡើង នៅទីក្រុងវ៉ាស៊ីនតោន។ របាយការណ៍អាមេរិកមួយចំនួន ដោយយោងតាមការវាយតម្លៃផ្ទៃក្នុង បានឱ្យដឹងថា ការចំណាយពិតប្រាកដ អាចមានចន្លោះចាប់ពី ៨០ពាន់លាន ដល់ ១០០ពាន់លានដុល្លារ ដែលចំនួននេះ គឺលើសឆ្ងាយពីតួលេខ ៣១ពាន់លានដុល្លារ ដែលរដ្ឋាភិបាលអាមេរិក បានប្រកាសជាសាធារណៈ នៅមុននេះ៕


