តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) លោក Jamieson Greer បានកំណត់ការរំពឹងទុកត្រឹមកម្រិតមធ្យមប៉ុណ្ណោះ សម្រាប់ជំនួបកំពូលដែលគ្រប់គ្នាទន្ទឹងរង់ចាំជាខ្លាំង រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំចិន លោក Xi Jinping ដោយលោកបានលើកឡើងថា ជំនួបនៅក្នុងខែកញ្ញាខាងមុខនេះ នឹងផ្តោតសំខាន់លើការវាយតម្លៃពីការប្តេជ្ញាចិត្តនាពេលបច្ចុប្បន្ន ជាជាងការចរចាស្វែងរកកិច្ចព្រមព្រៀងថ្មីៗ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Bloomberg Television លោក Greer បាននិយាយថា៖ «វានឹងក្លាយជាឱកាសមួយ សម្រាប់ការវាយតម្លៃឡើងវិញ ការបញ្ជាក់ជាថ្មីលើទំនាក់ទំនង និងការធានាឱ្យប្រាកដថា ប្រទេសចិនកំពុងអនុវត្តតាមអ្វីដែលខ្លួនបានព្រមព្រៀងថា នឹងធ្វើ។ នោះហើយគឺជាអ្វីដែលយើងពិតជាកំពុងរំពឹងចង់បាន នៅក្នុងជំនួបនេះ»។
អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករូបនេះ បាននិយាយទៀតថា លោករំពឹងមានការវាយតម្លៃ លើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពន្យារមិនអនុវត្តការរឹតបន្តឹងលើការនាំចេញរ៉ែកម្ររយៈពេល ១ឆ្នាំ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពន្ធគយ ដែលត្រូវបានសម្រេចកាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ លោក Greer បានបញ្ជាក់បន្ថែមថា ការអនុលោមតាមរបស់ទីក្រុងប៉េកាំង «មិនល្អឥតខ្ចោះ» នោះទេ ប៉ុន្តែប្រទេសទាំង២ កំពុងធ្វើការរួមគ្នា ដើម្បីដោះស្រាយចន្លោះប្រហោង។
គួរបញ្ជាក់ថា លោក Trump ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោក Xi នៅសហរដ្ឋអាមេរិក ប្រហែលជាថ្ងៃទី២៤ ខែកញ្ញា ពោលគឺប៉ុន្មានសប្តាហ៍ មុនកិច្ចព្រមព្រៀងរបស់ភាគីទាំង២ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម ត្រូវផុតកំណត់។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានជំនួបកំពូល កាលពីខែឧសភា ជាកន្លែងដែលពួកលោកបានស្វែងរកការធ្វើឱ្យទំនាក់ទំនងស្ថិរភាព៕
