បើយោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center បានបង្ហាញថា ប្រជាជននៅលើពិភពលោកកាន់តែច្រើន បានមើលឃើញប្រទេសចិនក្នុងរូបភាពវិជ្ជមាន ជាងសហរដ្ឋអាមេរិក ជាលើកដំបូង ដែលយ៉ាងហោចណាស់ គឺចាប់តាំងពីឆ្នាំ២០២៣ មក ដោយនិន្នាការនៃការផ្លាស់ប្តូរទស្សនៈនេះ បានកើតឡើងសូម្បីតែនៅក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលមហាអំណាចទាំង២ កំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមឥទ្ធិពលជាសកល។
មតិសាធារណៈ អំពីសហរដ្ឋអាមេរិកកាន់តែអាក្រក់ទៅៗ រហូតដល់កម្រិតដែលចិនឥឡូវនេះត្រូវបានគេមើលឃើញថា មានភាពវិជ្ជមានជាងមុន នៅក្នុងប្រទេសភាគច្រើនក្នុងចំណោម ៣៦ប្រទេស ដែលត្រូវបានស្ទង់មតិនៅឆ្នាំនេះ។ ប្រទេសទាំងនោះ រួមមានប្រទេសកាណាដា អូស្ត្រាលី បារាំង និងអាល្លឺម៉ង់ ដែលសុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ជាទីដែល «គម្លាតការពេញចិត្ត» ជាមួយទីក្រុងប៉េកាំង បានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅក្នុងចំណោមប្រទេសចំនួន ២០ ដែលមានទិន្នន័យប្រៀបធៀបកាលពីឆ្នាំ២០២៣ បានបង្ហាញថា ជិតពាក់កណ្តាលនៃអ្នកឆ្លើយតប មានទស្សនៈវិជ្ជមាន ចំពោះចិន ខណៈដែលមានត្រឹមតែ ៣៦ភាគរយប៉ុណ្ណោះដែលចាត់ទុកសហរដ្ឋអាមេរិកក្នុងរូបភាពល្អ។ នេះគឺជាការផ្លាស់ប្ដូរដ៏ធំ បើធៀបនឹងរយៈពេល ៣ឆ្នាំមុន ដែលនៅពេលនោះ សហរដ្ឋអាមេរិកទទួលបានពិន្ទុរហូតដល់ ៥៨ភាគរយ ធៀបនឹងចិនត្រឹមតែ ៣២ភាគរយ។ ទន្ទឹមនឹងនេះ វាក៏ជាការងើបឡើងវិញនៃប្រជាប្រិយភាពរបស់ទីក្រុងប៉េកាំងផងដែរ បន្ទាប់ពីការគាំទ្របានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ នៅក្នុងប្រទេសជាច្រើន អំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។
យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីរសៀលថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន បានបង្ហាញថា៖ «ទស្សនៈសកល ចំពោះសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង កាលពីឆ្នាំមុន នៅពេលអាណត្តិទី២ របស់លោកប្រធានាធិបតី Donald Trump បានចាប់ផ្តើម តែមនុស្សភាគច្រើននៅតែមានទស្សនៈវិជ្ជមាន ចំពោះអាមេរិកជាងចិន។ នៅឆ្នាំនេះ ស្ថានភាពបែបនោះលែងមានទៀតហើយ»។
ស្ថាប័ន Pew Research បានស្ទង់មតិមនុស្សជាង ៤២.០០០នាក់ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា ជារយៈពេលដែលរួមបញ្ចូលទាំងការចាប់ផ្តើមនៃសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ង់៕

