រុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) ថា កងកម្លាំងពហុជាតិសាសន៍ណាមួយដែលត្រូវបានបញ្ជូនដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ទៅដាក់ពង្រាយនៅទីនោះ ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព នឹងមិនអាចទទួលយកបាន សម្រាប់ទីក្រុងមូស្គូ ដែលនឹងត្រូវបានចាត់ទុកថា ជាការគំរាមកំហែង និងក្លាយជាគោលដៅយោធាស្របច្បាប់។
សម្ព័ន្ធមិត្តលោកខាងលិច នៅក្នុង «សម្ព័ន្ធឆន្ទៈរួម» ដែលគាំទ្រអ៊ុយក្រែន បានជួបប្រជុំគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសប្តាហ៍នេះ ហើយបានបញ្ជាក់ជាថ្មីនូវចេតនារបស់ពួកគេ ក្នុងការដាក់ពង្រាយកងកម្លាំងបែបនេះ បន្ទាប់ពីមានការបញ្ឈប់អរិភាព ដើម្បីផ្តល់ទំនុកចិត្តឡើងវិញដល់អ៊ុយក្រែន និងជួយប្រទេសនេះស្តារកងកម្លាំងរបស់ខ្លួនឡើងវិញ។
ជាមួយគ្នានេះ សម្ព័ន្ធនេះក៏បានបញ្ជាក់ផងដែរថា សមយុទ្ធនឹងធ្វើឡើងនៅក្នុងខែខាងមុខ ដើម្បីបង្ហាញពីសមត្ថភាពរបស់កងកម្លាំងដែលបានគ្រោងទុក ដែលត្រូវបានគេស្គាល់ថា ជាកងកម្លាំងពហុជាតិ សម្រាប់អ៊ុយក្រែន (MNF-U) ក្នុងការធ្វើសកម្មភាពនានា។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «នៅក្នុងបរិបទនេះ យើងចង់បញ្ជាក់ជាថ្មីថា ការដាក់ពង្រាយកងកម្លាំងយោធាណាមួយពីប្រទេសនៃអ្វីដែលហៅថា សម្ព័ន្ធឆន្ទៈរួម ទៅកាន់អ៊ុយក្រែន គឺមិនអាចទទួលយកបានឡើយ សម្រាប់ប្រទេសរបស់យើង»។

លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមនិយាយឡើងវិញម្ដងទៀតថា ដោយសជាក់ស្ដែង ការណ៍នេះ នឹងស្មើនឹងការជ្រៀតជ្រែកពីបរទេស និងការបង្កើនការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។ យើងនឹងចាត់ទុកអង្គភាពបែបនេះជាគោលដៅយោធាស្របច្បាប់»៕
