រដ្ឋាភិបាលបានរាយការណ៍ កាលពីថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) ថា អ្នកស្លាប់ដោយសាររញ្ជួយដីដ៏អាក្រក់បំផុតចំនួន ២លើកបន្តគ្នា កាលពីខែមុន នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានមានចំនួនលើសពី ៤.៨០០នាក់ហើយ ខណៈរាប់ម៉ឺននាក់ គ្មានផ្ទះសម្បែងជ្រកកោន។
រញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ បានវាយប្រហារក្នុងរយៈពេលឃ្លាតពីគ្នា ១នាទី កាលពីថ្ងៃទី២៤ ខែមិថុនា ដោយបានបំផ្លាញរដ្ឋឆ្នេរសមុទ្រ La Guaira ដែលស្ថិតនៅភាគខាងជើងនៃទីក្រុងការ៉ាកាស។
យោងតាមតួលេខថ្មីដែលបានចែករំលែកដោយប្រធានរដ្ឋសភា លោក Jorge Rodriguez នៅលើកម្មវិធីផ្ញើសារ Telegram បានបង្ហាញថា គ្រោះមហន្តរាយនេះបានឆក់យកជីវិតមនុស្សចំនួន ៤.៨២៩នាក់ហើយ គិតត្រឹមថ្ងៃពុធ។
ក្រុមអ្នកជួយសង្គ្រោះ និងសមាជិកគ្រួសារ នៅក្នុងរដ្ឋ La Guaira កំពុងបន្តប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្វែងរកជនរងគ្រោះដែលកប់នៅក្រោមគំនរអគារបាក់បែក បើទោះបីជាវាបានកន្លងផុតទៅរយៈពេល ៣ សប្តាហ៍ហើយក្តី បន្ទាប់ពីគ្រោះរញ្ជួយដីនោះបានកើតឡើង។
ជាមួយគ្នានេះដែរ យ៉ាងហោចណាស់មនុស្ស ២០.៨៥៧នាក់ដែលគ្មានផ្ទះសម្បែង ដោយសាររញ្ជួយដីនេះ កំពុងរស់នៅក្នុងជំរំដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ ដែលភាគច្រើនខ្វះការផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធអនាម័យត្រឹមត្រូវ។
លើសពីនេះទៀត គ្រោះរញ្ជួយដី បានបណ្ដាលឱ្យមនុស្ស ១៦.៧៤០នាក់រងរបួស ដោយលោក Rodriguez បានប្រាប់នៅមុននេះថា ភាគច្រើនត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យរួចហើយ៕



