ជាលើកដំបូងក្នុងរយៈពេលជាង ២០ ឆ្នាំ មកនេះ មន្ទីរបញ្ចកោណបានរារាំងការបោះពុម្ពផ្សាយរបាយការណ៍ប្រចាំឆ្នាំដែលត្រូវបានកំណត់ដោយសភាលើកម្មវិធីផលិតយន្តហោះចម្បាំង F-35។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
យោងតាមតំណាងម្នាក់របស់ការិយាល័យគណនេយ្យភាពរដ្ឋាភិបាលអាមេរិក (GAO) បានឲ្យដឹងថា៖ «GAO បានតាមដាននិងពិនិត្យមើលការទិញយកយន្តហោះ F-35 ជារៀងរាល់ឆ្នាំ ចាប់តាំងពីសភាបានកំណត់ឲ្យមានការត្រួតពិនិត្យនេះ ដោយចាប់ផ្តើមនៅឆ្នាំ ២០០៥»។
លោកបាននិយាយថា៖««នេះគឺជាឆ្នាំដំបូងដែលការត្រួតពិនិត្យកម្មវិធីទិញយកណាមួយរបស់យើង ត្រូវបានកំណត់ថា មានព័ត៌មានសម្ងាត់ដែលត្រូវបានគ្រប់គ្រង (CUI) និងត្រូវបានដាក់កម្រិតមិនឲ្យចេញផ្សាយជាសាធារណៈ»។
ការបោះពុម្ពផ្សាយនេះ បានឲ្យដឹងថា របាយការណ៍របស់ GAO ផ្តល់ជូនសាធារណជននូវការវាយតម្លៃលម្អិតតែមួយគត់នៃកម្មវិធីអាវុធថ្លៃៗ និងត្រូវបានឃ្លាំមើលយ៉ាងដិតដល់បំផុតរបស់មន្ទីរបញ្ចកោណ ដោយការវាយតម្លៃពីមុន បានបង្ហាញពីភាពយឺតយ៉ាវដ៏សំខាន់ដែលទាក់ទងនឹងការធ្វើឲ្យប្រសើរឡើងនូវ សូហ្វហ្វែរ (software) ប្រព័ន្ធរូបវន្ត (hardware) និងម៉ាស៊ីនសំខាន់ៗរបស់កម្មវិធីនេះ៕

