លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា លោក អង់តូនីញ៉ូ ហ្គុយតឺរេស( António Guterres) អគ្គលេខាធិការUN មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងជាបន្តបន្ទាប់នៃភាពតានតឹងផ្នែកយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោក Dujarric បាននិយាយថា លោក ហ្គុយតឺរេស បានអំពាវនាវឲ្យភាគីទាំងអស់ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ថយភាពតានតឹង និងវិលត្រឡប់ទៅកាន់ផ្លូវនៃការសន្ទនា និងការទូតវិញ។
អ្នកនាំពាក្យបាននិយាយថា៖ «លោកអគ្គលេខាធិការបញ្ជាក់ឡើងវិញថា ការវិលត្រឡប់ទៅរកការប្រយុទ្ធគ្នាពេញបន្ទុក នឹងបង្កឲ្យមានការខាតបង់ដ៏មិនអាចទទួលយកបានចំពោះជនស៊ីវិល ហើយនឹងមានផលវិបាកដ៏មហន្តរាយចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងសេដ្ឋកិច្ចពិភពលោក»។
លោកបានបន្ថែមថា៖ «លោកអគ្គលេខាធិការបញ្ជាក់ឡើងវិញនូវការអំពាវនាវរបស់លោកឲ្យមានការស្តារឡើងវិញពេញលេញនូវសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ នៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស ។ ការអនុវត្តសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍ ត្រូវតែទទួលបានការគោរពពីគ្រប់ភាគី ដោយអនុលោមតាមច្បាប់អន្តរជាតិ»៕
