បាល់ទាត់៖ ខ្សែប្រយុទ្ធចំណូលថ្មី របស់ក្លិបព្រះខ័នរាជស្វាយរៀង Robert Lopez Mendy បានប្ដេជ្ញាចិត្ដខ្ពស់ និងខំប្រឹងលេង ១១០% ដើម្បីជួយក្រុមប្រជែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០២១ ដោយគ្មានលាក់បាំងអ្វីឡើយ នូវសមត្ថភាពដែលខ្លួនមាន។

កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដែលបានមកប្រកបអាជីពនៅកម្ពុជា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំក្លិបក៏ដូចជាមិត្តរួមក្រុម ពិសេសការទទួលបានឱកាសលេង ២៥នាទីដំបូងបន្ទាប់ពីហាត់បាន ១ថ្ងៃក្រោយបញ្ចប់ការធ្វើចត្ដាឡីស័ករយៈពេល ១៤ថ្ងៃ។ Mendy បន្ដថា នេះគឺជាជីវិតថ្មីមួយទៀតក្នុងអាជីពបាល់ទាត់ បន្ទាប់ពីខ្លួនសម្រេចចិត្តចាកចេញពីក្រុមខ្លាំងហ្វីលីពីន United City FC។ តែដោយលីគហ្វីលីពីនមិនទាន់ច្បាស់ ពីពេលវេលាចាប់ផ្ដើមរដូវកាលថ្មី ស្របពេលលោកបានជជែកជាមួយគ្រូបង្វឹកលោក Conor Nestor បានដឹងពីគោលដៅ និងផែនការច្បាស់លាស់របស់ព្រះខ័នរាជស្វាយរៀង ក៏ជំរុញឲ្យខ្លួនសម្រេចចិត្តមកលេងនៅកម្ពុជាតែម្ដង។
ខ្សែប្រយុទ្ធដ៏មុតស្រួចវ័យ ៣៤ឆ្នាំដដែលបន្ដថា ខ្លួនមិនគិតថា ក្រុមលេងពាន AFC Champions League ឬ AFC Cup នោះទេ ព្រោះវាគ្រាន់តែជាការប្រកួតមួយផ្សេង ដែលមានប្រកួតតិច តែមានគុណភាពល្អ។ តែគោលដៅដែល Mendy ចង់បានគឺខ្លួនចង់លេងឲ្យបាន ២០ប្រកួត ឬច្រើនជាងនេះ។ ដូច្នេះខ្លួននឹងផ្ដល់ការខំប្រឹង ១១០% លើសពីអ្វីដែលខ្លួនមាន ដើម្បីជួយក្រុមព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលនេះ។ គួរបញ្ជាក់ថា មកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀងទើបប្រកួតបាន ១ប្រកួតប៉ុណ្ណោះ ដោយយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៦-១ ខណៈប្រកួតទី២ របស់ខ្លួនដែលគ្រោងជួបក្រុមវិសាខាក្នុងសប្ដាហ៍ទី៣ ត្រូវបានលើកទៅប្រកួតថ្ងៃទី៥ ខែឧសភាវិញ៕
អត្ថបទ៖ លី ឈុនឡា