បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានបន្តក្តីស្រមៃលើកពាន ៤ ក្នុងមួយរដូវកាលរបស់ខ្លួនបន្ទាប់ពីយកឈ្នះ Villarreal ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League។ យ៉ាងណាក្តីការប្រកួតជើងទី២ នេះក្រុមរបស់លោក Jurgen Klopp ក៏ប្រហោងពោះដែរទោះបីនាំមុខ ២-០ ក្នុងជ័យជំនះកាលពីជើងទី១ ក្តី។

ត្រលប់មកកាន់ទឹកដីអេស្ប៉ាញវិញ ក្រុមម្ចាស់ផ្ទះ Villarreal ចាប់ផ្តើមបានតែ ៣នាទីក៏រកបានគ្រាប់នាំមុខដោយ Boulaye Dia មុនពេលដែល Etienne Capoue បញ្ជូនឱ្យអតីតខ្សែបម្រើ Arsenal, Francis Coquelin តែតបញ្ចូលទីនាំមុខ ២-០ ឱ្យ Villarreal និងតាមស្មើ ២-២ សរុបទាំងពីរជើង។ ផ្ទុយទៅវិញវគ្គទី២ Liverpool ក៏ធ្វើបានល្អមកវិញដោយរកបាន ៣គ្រាប់ដោយ Fabinho, Luis Diaz និង Sadio Mane មុនពេលដែល Etienne Capoue ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។

Liverpool នៅពេលនេះត្រូវរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Stade de France ទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃសៅរ៍ ទី២៨ ខែឧសភានេះ។ Real Madrid និង Manchester City នឹងជួបគ្នាជើងទី២ រាត្រីនេះខណៈក្រុមរបស់លោក Pep Guardiola នាំមុខ ៤-៣ កាលពីជើងទី១៕
អត្ថបទ៖នាង សុភាវុធ