ប្រភពចំនួន ៣ បានប្រាប់សារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ អ៊ីរ៉ង់បានស្នើឱ្យក្រុមហ៊ួទីរបស់ប្រទេសយេម៉ែន ត្រៀមបិទផ្លូវដឹកប្រេង នៅសមុទ្រក្រហម ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដោយនេះបង្កឱ្យមានការគំរាមកំហែងថ្មីដ៏មានឥទ្ធិពលដល់ការផ្គត់ផ្គង់ថាមពលសកល។
គំនិតនេះត្រូវបានពិភាក្សានៅក្នុងជួរថ្នាក់ដឹកនាំរបស់សាធារណរដ្ឋអ៊ិស្លាម ហើយសារនេះត្រូវបានបញ្ជូនទៅកាន់សម្ព័ន្ធមិត្តហ៊ួធីរបស់អ៊ីរ៉ង់។ នេះបើតាមប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់ ២រូប និងប្រភពក្នុងតំបន់ដែលដឹងពីការពិភាក្សានេះ ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ប្រភពទាំងនេះបានបញ្ជាក់ថា ក្រុមហ៊ួធីត្រូវបានជូនដំណឹងថ្មីៗនេះ អំពីសំណើរបស់ទីក្រុងតេអេរ៉ង់ ដែលមិនត្រូវបានរាយការណ៍ពីមុនមកឡើយ។ តែយ៉ាងណាក្ដី ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីថា តើការស្នើនេះត្រូវបានបញ្ជូនយ៉ាងដូចម្ដេច ឬថា តើវាកើតឡើងបន្ទាប់ពីមានការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារ ឬយ៉ាងណា។
ក្រសួងការបរទេសអ៊ីរ៉ង់ និងអ្នកនាំពាក្យរបស់ក្រុមហ៊ួទីមិនទាន់អាចទាក់ទងសុំការបំភ្លឺភ្លាមៗបានឡើយ ដើម្បីឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters៕