នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសនូវែលសេឡង់ បានបន្ទាបការប្រកាសអាសន្នរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ បានអង្រួនតំបន់ឆ្នេរភាគខាងលិចកោះ South Island ។
ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នជាតិនូវែលសេឡង់និយាយថា ការជូនដំណឹងនេះ តំណាងឲ្យការបន្ទាបការប្រកាសអាសន្ន ហើយការរញ្ជួយដី មានទំហំតូចជាងការរំពឹងទុកដំបូង ។
បន្ទាប់ពីការព្រមានដំបូងឲ្យប្រជាពលរដ្ឋរស់នៅតំបន់រងផលប៉ះពាល់ ធ្វើដំណើរជាបន្ទាន់ទៅកាន់ទីទួលខ្ពស់ បច្ចុប្បន្នពួកគេបានណែនាំឲ្យមានការប្រុងប្រយ័ត្នតែចំពោះចរន្តទឹកខ្លាំងខុសពីធម្មតានៅតាមមាត់សមុទ្រប៉ុណ្ណោះ ។
ដោយឡែក មន្ទីរភូគព្ភសាស្រ្តសហរដ្ឋអាមេរិក(USGS)និយាយថា ការរញ្ជយដីនេះ ស្ថិតក្នុងជម្រៅដី ៧៦គ.ម និងបានវាយប្រហារតំបន់ស្ថិតនៅចម្ងាយ ៨៣គ.មភាគខាងលិចនៃទីក្រុងគោលដៅទេសចរណ៍ Queenstown ស្ថិតនៅលើកោះ South Island ។
ដំឡូងឡើយ ក្រុមអាជ្ញាធរ បានព្រមានពីលទ្ធភាពនៃការជន់លិចតាមទីគោក និងបញ្ជាឲ្យប្រជាពលរដ្ឋនៅតំបន់ Milford Sound ជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ ។
គួររំឭកថា ការរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រដែលបានអង្រួនទីក្រុង Christchurch របស់កោះ South Island កាលពីឆ្នាំ ២០១១ បានសម្លាប់មនុស្ស ១៨៥នាក់ ៕