ក្រុមអាជ្ញាធរក្នុងតំបន់ និយាយនាថ្ងៃព្រហស្បតិ៍នេះថា មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីភូមិដ្ឋានជាច្រើនកន្លែង ក្នុងតំបន់ភាគខាងជើង Aragon របស់អេស្ប៉ាញ ស្របពេលដែលភ្លើងឆេះព្រៃនៅជិតទីក្រុង Ores បានលេបត្របាក់ដីព្រៃជាង ៤.៥០០ហិចតា ។
អ្នកស្រុករស់នៅក្នុងទីក្រុង Ores, Asin, Luesia និងទីក្រុង Malpica de Arba ត្រូវបានជម្លៀសចេញ ពេលដែលភ្លើងឆេះព្រៃ កំពុងឆាបឆេះរាលដាលដល់ជិតភូមិរបស់ពួកគេ ។
ក្រុមអាជ្ញាធរនិយាយថា ខ្យល់បក់ខ្លាំងដែលត្រូវបានគេរំពឹងថានឹងកើតមាននៅរសៀលថ្ងៃនេះ អាចនឹងរារាំងដល់កិច្ចខិតខំ ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃនេះ ។
ខណៈពេលនោះដែរ រដ្ឋបាលតំបន់ Aragon បានប្រកាសគ្រាអាសន្នកម្រិតទី ២ ជាការបង្ហាញថាភ្លើងឆេះព្រៃ កំពុងគំរាមកំហែងខ្លាំងដល់តំបន់រស់នៅរបស់អ្នកស្រុក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ៕