សារព័ត៌មានរដ្ឋ រាយការណ៍ថា មនុស្ស ១១នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១៩នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះមណ្ឌលកុមារកំព្រាមួយកន្លែង នៅតំបន់ជាយក្រោយរដ្ឋធានីរបស់ប្រទេសអាល់ហ្សេរី នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
អគ្គិភ័យបានឆាបឆេះឡើងនៅមណ្ឌលកុមារកំពា្រកមួយកន្លែង ស្ថិតក្នុងស្រុក Mohammadia នៅតំបន់ជាយក្រុងនៃរដ្ឋធានី Algiers ។
ទីភ្នាក់ងារការពារជនស៊ីវិលនិយាយថា មនុស្ស ១០នាក់ ដែលរងរបួស បានរលាកធ្ងន់ធ្ងរ ខណៈក្រុមជួយសង្រ្គោះបន្ទាន់ បានជម្លៀសមនុស្ស ៥នាក់ ដែលមានពិការភាព ចេញពីមណ្ឌលកុមារកំព្រា ទៅកាន់ទីសុវត្ថិភាព ។
ពួកគេបន្តថា ប្រតិបត្តិការពន្លត់អគ្គិភ័យ កំពុងបន្តធ្វើឡើង ហើយគេនៅពុំទាន់បានកំណត់អត្តញ្ញាណជនរងគ្រោះភ្លាមៗនោះទេ ហើយមូលហេតុអ្វីដែលបណ្តាលឲ្យអគ្គិភ័យនេះ កើតឡើង ក៏ពុំទាន់ត្រូវបានបញ្ចេញឲ្យដឹងនោះដែរ ។
សូមបញ្ជាក់ថា ប្រទេសអាល់ហ្សេរី បានជួបប្រទះរលកកម្តៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងនោះអង្គភាពការពារស៊ីវិល បានពន្លត់អគ្គិភ័យ ៩១៣កន្លែងនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី ៩ ខែកក្កដា រហូតមក ៕