ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាហាមឃាត់កុមារអាយុក្រោម ១៤ឆ្នាំ កុំឱ្យប្រើប្រាស់វេទិកាបណ្ដាញសង្គម។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា ប្រធានគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយ និងគមនាគមន៍កូរ៉េខាងត្បូង (KCC) លោក Kim Jong-cheol បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះថា ស្ថាប័នតាមឃ្លាំមើល កំពុង «ពិនិត្យឡើងវិញជាជំហានៗ លើផែនការរឹតបន្តឹងមិនឱ្យកុមារដែលមានអាយុក្រោម ១៤ឆ្នាំ បង្កើតគណនីនៅលើបណ្តាញសង្គម និងកម្រិតការប៉ះពាល់ដោយសារទម្រង់រចនា ក៏ដូចជាក្បួនដោះស្រាយ (Algorithms) ដែលអាចជម្រុញឱ្យក្មេងវ័យជំទង់អាយុពី ១៤ ដល់ ១៩ឆ្នាំ ប្រើប្រាស់បណ្តាញសង្គមទាំងនោះហួសប្រមាណ»។
អំឡុងពេលថ្លែង នៅឯសន្និសីទគោលនយោបាយ នៅវិមានប្រធានាធិបតី Cheong Wa Dae លោក Kim បាននិយាយថា ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ក្នុងចំណោមក្មេងជំទង់ គឺជាបញ្ហាសកល។ លោកបានបន្ថែមថា «មានច្បាប់ពាក់ព័ន្ធចំនួនប្រហែល ៧ ដែលត្រូវបានស្នើឡើងនៅរដ្ឋសភា»។
តែប្រធានរូបនេះបានជំរុញឱ្យមានការប្រុងប្រយ័ត្ន ដោយលើកឡើងពីច្បាប់ Shutdown Law ឆ្នាំ២០១១ ដែលហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ មិនឱ្យលេងហ្គេមអនឡាញ ចន្លោះម៉ោង ១២អធ្រាត្រ និងម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក)។ ច្បាប់នោះត្រូវបានលុបចោលវិញ នៅឆ្នាំ២០២២ បន្ទាប់ពីមានការរិះគន់ថា វាបានរំលោភលើសិទ្ធិបុគ្គល និងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មហ្គេម។
ការវិវត្តនេះកើតឡើងនៅពេលដែលប្រទេសជាច្រើន បានដាក់ចេញ ឬកំពុងរៀបចំផែនការរឹតបន្តឹង លើការចូលប្រើប្រាស់បណ្ដាញសង្គម សម្រាប់ក្មេងជំទង់៕