ក្រុមអាជ្ញាធរស៊ីរី បានចាប់ខ្លួនអតីតមន្រ្តីមួយរូបដែលពួកគេនិយាយថា គឺជាអ្នកជំនាញអាវុធគីមី ទទួលបន្ទុកឃ្លាំងស្តុកសារធាតុឧស្ម័នសារីន និងការផលិតអាវុធគីមី អំឡុងរបបរបស់អតីតប្រធានាធិបតីត្រូវបានទម្លាក់ចេញពីអំណាចលោក Bashar al-Assad ។
ក្រសួងមហាផ្ទៃស៊ីរីនិយាយថា អ្នកជំនាញរូបនេះ គឺជាលោកអតីតវរសេនីយ៍ឯក Ahmed Habib Ali ដែលជាអ្នកជំនាញខាងអាវុធគីមី ។
ក្រសួងបន្តថា លោក Ali គឺជាអ្នកទទួលខុសត្រូវឃ្លាំងស្តុកសារធាតុគីមីសារីន និងការផលិតអាវុធគីមីនៅក្នុងអង្គភាពលេខ ៤១៧ ដែលជាទីតាំងអាវុធគីមី ស្ថិតនៅជិតទីក្រុងដាម៉ាស ។
ពួកគេបន្តថា រូបលោកស្ថិតនៅក្នុងចំណោមក្រុមមន្រ្តីដែលត្រួតត្រាការផលិតគ្រាប់បែកគីមីប្រហែល ២០គ្រាប់មានផ្ទុកសារធាតុសារីន ក្នុងនោះគ្រាប់បែកមួយគ្រាប់ៗមានទម្ងន់ ២៥០គ.ក ហើយនិងត្រូវបានប្រើប្រាស់ នៅក្នុងការវាយប្រហារមានគោលដៅលើទីក្រុងតូច-ធំរបស់ស៊ីរី កាលពីឆ្នាំ ២០១៣ និងឆ្នាំ ២០១៧ ។
ការចាប់ខ្លួនរបស់លោក បានកើតមានឡើង រយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ក្រោយស៊ីរីត្រូវបានបញ្ចូលឡើងវិញទៅក្នុងអង្គការហាមឃាត់អាវុធគីមី ។
យោងតាមការអះអាងរបស់ក្រុមចារកម្មសហរដ្ឋអាមេរិក និងក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា កងទ័ពស៊ីរី រងការចោទប្រកាន់ថា បានប្រើប្រាស់អាវុធគីមី វាយប្រហារតំបន់កាន់កាប់របស់ក្រុមឧទ្ទាម ដោយបានសម្លាប់បុរស ស្រ្តី និងកុមារជាង ១.៤០០នាក់ ៕