ថាមពលអគ្គិសនីត្រូវបានស្តាឡើងវិញហើយ នៅតាមតំបន់មួយចំនួនក្នុងទីក្រុងឡាហាវ៉ាន់ របស់ប្រទេសគុយបា ក្រោយការដួលរលំបណ្តាញអគ្គិសនីនៅក្នុងប្រទេសមួយនេះ ស្របពេលដែលអ្នកស្រុកពិកាសស៊ូទ្រាំនឹងកង្វះខាតថាមពល បង្កឡើងដោយសារវិបត្តិសេដ្ឋកិច្ច ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា អគ្គិសនីត្រូវបានស្តាឡើងវិញទាំងស្រុងកាលពីវេលាម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុកថ្ងៃពុធ នៅតំបន់មួយចំនួនរបស់គុយបា ។
គួរឲ្យដឹងថា បណ្តាញថាមពលជាតិគុយបា បានដួលរលំទាំងស្រុងកាលពីថ្ងៃអង្គារ ធ្វើឲ្យមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំជាលើកទី ៣ ក្នុងរយៈពេល ៩ថ្ងៃនៅលើប្រទេសកោះដែលមានពលរដ្ឋរស់នៅប្រហែល ១០លាននាក់មួយនេះ ។
ការដាច់ចរន្តអគ្គិសនីញឹកញាប់ បានកើតមានឡើង ស្របពេលការបិទប្រេងរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យរង្គោះរង្គើរដល់ហេដ្ឋារចនាសម្ព័ន្ធចាស់ទ្រុធទ្រោមរួចទៅហើយនៅគុយបា ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបិទប្រេងទៅកាន់ប្រទេសកោះស្ថិតក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ក្រោយទីក្រុងវ៉ាស៊ីនតោន ទម្លាក់អំណាចប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolás Maduro កាលពីថ្ងៃទី ៣ ខែមករា ៕