ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ត្រៀមខ្លួនរុះរើគណៈរដ្ឋមន្ត្រីរបស់លោកឡើងវិញនោះ ក្រុមតំណាងរាស្រ្ត និងក្រុមអត្ថាធិប្បាយមួយចំនួនរបស់អ៊ុយក្រែន បានបង្ហាញការស្រងាកចិត្តជាខ្លាំង ចំពោះការចាកចេញទៅរបស់លោករដ្ឋមន្រ្តីការពារជាតិ Mykhailo Fedorov ដោយពួកគេនិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំធ្វើសង្រ្គាមរបស់អ៊ុយក្រែន ស្របពេលដែលពួកគេវាយប្រហារឧស្សាហកម្មប្រេងរុស្ស៊ី និងពន្យឺតការរុលចូលនៅជួរមុខរបស់កម្លាំងទីក្រុងមូស្គូ ។
ក្រុមតំណាងរាស្រ្តមួយចំនួននិយាយថា ការសម្រេចចិត្តរបស់លោក Zelenskiy ក្នុងការដកតំណែងលោក Fedorov ជារដ្ឋមន្រ្តីការពារជាតិ នឹងមិនជួយដល់កិច្ចខិតខំធ្វើសង្រ្គាមរបស់អ៊ុយក្រែននោះឡើយ ។
សមាជិកសភាដែលបានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម ក្រោយជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនរូបនេះ និយាយថា លោក Zelenskiyនឹងតែងតាំងលោក Ihor Klymenko ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ ២០២៣ ឲ្យទទួលយកតំណែងប្រមុខការពារជាតិជំនួសវិញ ។
លោក Zelenskyy បានបណ្តេញលោក Fedorov ចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលជាផ្នែកមួយនៃការផ្លាស់ប្តូររដ្ឋាភិបាលចុងក្រោយរបស់រដ្ឋបាលលោក ។
មន្ត្រីអ៊ុយក្រែនមួយរូបដែលបានដឹងបញ្ហានេះបានប្រាប់សារព័ត៌មាន Kyiv Independent ថា ការដកតំណែងនេះ បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំយោធាកាលពីថ្ងៃទី ១៥ ខែកក្កដា សប្ដាហ៍នេះ ។
ក្រោយពីការដកតំណែងមួយនេះនេះ លោក Fedorov បានបញ្ជាក់នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា វាជាកិត្តិយសដ៏ធំធេងខ្លាំងណាស់ កាលដែលរូបលោកបានបម្រើប្រជាជនអ៊ុយក្រែនក្នុងនាមជាប្រមុខការពារជាតិអ៊ុយក្រែន ៕