មន្រ្តីជាន់ខ្ពស់មួយរូបរបស់ស្រីលង្កា និយាយថា ប្រទេសស្រីលង្កា កំពុងបង្កើនកិច្ចខិតខំគាំទ្រដោយយោធា ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺគ្រុនឈាមដែលបង្កឡើងដោយសារមូសខ្លា ស្របពេលដែលចំនួនមនុស្សស្លាប់ កើនឡើងដល់ ៤៩នាក់ ចាប់តាំងពីដើមឆ្នាំនេះរហូតមក ។
ប្រទេសកោះនៅអាស៊ីខាងត្បូងមួយនេះ បានដាក់ពង្រាយយោធាកាលពីខែមុន ដើម្បីកំណត់ទីកន្លែង និងបំផ្លាញទីតាំងបង្កាត់ពូជសត្វមូស ។
លោក Kapila Kannangara គឺជាប្រធានគ្រប់គ្រងអង្គភាពគ្រប់គ្រងជំងឺគ្រុនឈាមជាតិ និយាយថា ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះតទៅ ក្រុមមន្រ្តីសុខាភិបាល និងកងកម្លាំងសន្តិសុខដែលពាក់ព័ន្ធនឹងកិច្ចខិតខំទប់ស្កាត់ជំងឺគ្រុនឈាមនេះ នឹងកើនឡើងទ្វេដង ដោយផ្តោតសំខាន់លើរដ្ឋធានី Colombo និងសង្កាត់ ២កន្លែងក្នុងទីក្រុងមួយនេះ ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ។
សូមបញ្ជាក់ថា ជំងឺគ្រុនឈាម បណ្តាលឲ្យកើតមានជំងឺគ្រុនក្តៅ ឈឺក្បាល ក្អួតចង្អោរ និងឈឺសាច់ដុំ ហើយក្នុងករណីធ្ងន់ធ្ងរ វានឹងចេញឈាម អាចបណ្តាលឲ្យស្លាប់បាន ។
ទិន្នន័យផ្លូវការបង្ហាញថា មនុស្ស ៦១.០៥៧នាក់ បានឆ្លងជំងឺគ្រុនឈាម ក្នុងរយៈពេល ៦ខែដំបូងក្នុងឆ្នាំនេះ ពោលគឺកើនឡើងទ្វេដងពីករណីឆ្លង ៣០.០៦០នាក់ ដែលត្រូវបានរកឃើញ អំឡុងពេលតែមួយកាលពីឆ្នាំ ២០២៥ ហើយមនុស្សជាង ១៥.០០០ននាក់ បានឆ្លងនៅក្នុងខែនេះ ៕