នៅលើកោះ Astypalaia របស់ក្រិក ក្រុមអាជ្ញាធរ ពុំបានអនុញ្ញាតឲ្យលោកយាយ Evdokia Palatianou ដែលជាកសិករមួយរូប ប្រើប្រាស់បឹងជីកដោយមនុស្សនោះទេ ដើម្បីសន្សំសំចែទឹក ។ បន្លែរបស់លោកយាយដែលបានដំានៅក្នុងចម្ការ បានស្វិតស្រពោនគ្មានសល់ ពេលដែលលោកយាយបង្ខំចិត្តប្រើទឹកអណ្តូងរបស់គាត់ ។
លោកយាយ Palatianou វ័យ ៧១ឆ្នាំ រស់នៅក្នុងភូមិ Livadi ដែលជាតំបន់មានដីជីជាតិបំផុតស្ថិតនៅលើកោះ Astypalaia និយាយថា បើសិនជាគ្មានភ្លៀងធ្លាក់ទេនោះ គាត់មិនអាចដំាំដំណាំបាននោះឡើយ ។
គួរឲ្យដឹងថា កោះ ៧កន្លែងរបស់ក្រិកស្ថិតក្នុងសមុទ្រអេជៀន បានប្រកាសគ្រាអាសន្នគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងឆ្នាំនេះ ដើម្បីអភិរក្សទឹក ស្របពេលដែលបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យរដូវក្តៅកាន់តែក្តៅខ្លាំងជាងមុន ហើយភ្លៀងធ្លាក់កាន់តែមានបរិមាណតិចតួចជាងមុន ។
បច្ចុប្បន្ន ក្រុមអាជ្ញាធរមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើ បើសិនជាឆ្នាំក្រោយមានភ្លៀងធ្លាក់ តើវាអាចទ្រទ្រង់ទឹកសម្រាប់ភ្ញៀវទេសចររាប់ម៉ឺននាក់បានដែរឬទេ ស្របពេលដែលប្រជាពលរដ្ឋក្នុងស្រុកត្រូវការទឹកខ្លាំងបែបនេះ ។
លោកយាយ Palatianou ដែលពឹងផ្អែកលើដបទឹកសុទ្ធសម្រាប់ការបរិភោគនោះ ពុំទទួលបានអត្ថប្រយោជន៍ពីភ្លៀងធ្លាក់នោះទេនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងលិច ប្រទេសក្រិក ។
យោងតាមទិន្នន័យពីក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា ឆ្នាំ ២០២៦នេះ គឺជារដូវស្ងួតហួតហែងខ្លាំងបំផុតទី ២ ចាប់តាំងពីឆ្នាំ ២០២០ ៕