រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ុយក្រែនមានជំនឿថា ទួរគីអាចស្ថិតក្នុងចំណោមទីកន្លែងដ៏សំខាន់សម្រាប់ជំនួបនាពេលអនាគតរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្រោយជំនួបរបស់លោកជាមួយសមភាគីទួរគីលោក Hakan Fidanនៅទីក្រុងគីវ ។
លោក Sybiha បានថ្លែងអំណរគុណផងដែរដល់ទួរគី សម្រាប់ការត្រៀមខ្លួនរៀបចំជំនួបកម្រិតខ្ពស់បែបនេះ ហើយនិងដើរតួជាវេទិកាសម្រាប់ជំនួបដោយផ្ទាល់រវាងមេដឹកនាំទាំង ២ ។
លោកនិយាយថា អ៊ុយក្រែនមានសំណើដ៏រឹងមាំសម្រាប់ការបញ្ចប់សង្រ្គាម ហើយពួកយើងនៅតែប្តេជ្ញាចិត្តចំពោះកិច្ចខិតខំសន្តិភាពកំពុងបន្ត ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ខណៈពេលរូបលោកបង្ហាញក្តីសង្ឃឹមថា អឺរ៉ុបនឹងរួមចំណែកអស្ចារ្យជាងនេះ នៅក្នុងដំណើការការទូត ។
លោក Sybihaបន្តថា លោកជឿជាក់ថា មានតែជំនួបកំពូលមួយគត់របស់មេដឹកនាំទាំង ២ ដែលអាចបង្កើតសន្ទុះថ្មីនៅក្នុងដំណើរការសន្តិភាព ។ លោកថា ក្នុងនាមជាអ៊ុយក្រែន ពួកយើងត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់ ។
សូមបញ្ជាក់ថា សំណើមួយនេះ បានកើតមានឡើង ស្របពេលដែលទីក្រុងអង់ការ៉ា នៅតែរក្សាតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលរវាងទីក្រុងមូស្គូ និងទីក្រុងគីវ ។ កាលពីមុន ក្រុមមន្រ្តីទួរគី ធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចចរចារវាងភាគីសង្រ្គាមទាំង ២ ៕