ស្របពេលដែលបាតុភូតអែល នីញ៉ូ បង្កឲ្យកើតមានស្ថានភាពអាកាសធាតុកាន់តែក្តៅស្ងួតជាងមុននៅសិង្ហបុរី ក្រុមអ្នកជំនាញនិយាយថា ហានិភ័យនៃជំងឺឆ្លងមួយចំនួន អាចនឹងកើនឡើង ខណៈស្ថានភាពជំងឺរ៉ាំរ៉ៃ អាចនឹងធ្ងន់ធ្ងរជាងមុន ។
លោកវេជ្ជបណ្ឌិត Nicholas Chew គឺជាគ្រូពេទ្យជំនាញជំងឺឆ្លងនៅមន្ទីរពេទ្យ Farrer Park និយាយថា ជាទូទៅស្ថានភាពក្តៅបែបនេះ អ្នកនឹងរំពឹងថា នឹងកើតមានជំងឺគ្រុនឈាម និងជំងឺឈីក ។
លោក Chew និយាយប្រាប់កាសែត CNA ថា ធូលី និងកង្វក់បរិយាកាស នឹងកើតមាននៅក្នុងបរិយាកាស ធ្វើឲ្យស្ថានភាពជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ កាន់តែធ្ងន់ធ្ងរខ្លាំង ដូចជាជំងឺហឺត និងជំងឺរលាកទងសួត ។
ក្រៅពីជំងឺឆ្លង បាតុភូតអែល នីញ៉ូ អាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សផងដែរ តាមរយៈធ្វើឲ្យគុណភាពខ្យល់កាន់តែអាក្រក់នៅក្នុងបរិយាកាស ។
សីតុណ្ហភាពខ្ពស់ជាងមុន អំឡុងបាតុភូតអែល នីញ៉ូ អាចនឹងបង្កើនវដ្តអាយុរបស់មូសខ្លា ហើយនិងកាត់បន្ថយពេលវេលាដែលពួកវាត្រូវការ ដើម្បីបង្កាត់វីរុសនៅក្នុងខ្លួនរបស់ពួកវា ។
ក្មេងៗ មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ កម្មករធ្វើការខាងក្រៅ និងមនុស្សដែលមានបញ្ហាបេះដូង ឬបញ្ហាសួត ស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត ។
ខណៈពេលនោះដែរ ទីភ្នាក់ងារសេវាកម្មឧតុនិយមសិង្ហបុរី រំពឹងថា បាតុភូតអែល នីញ៉ូ នឹងបន្តមានរហូតដល់ខែតុលា ឆ្នាំ ២០២៦នេះ ៕