ស៊ីហ្គេម៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានកំណត់គោលការណ៍តាមដាននូវការសាងសង់ភូមិកីឡាថ្មីមួយទៀត ទោះបីតំណាងក្រុមហ៊ុន WorldBridge Sport Village ដែលជាក្រុមហ៊ុនទទួលបានសិទ្ធសាងសង់បានអះអាងជាថ្មីថា នឹងសាងសង់រួចរាល់មុនស៊ីហ្គេមឆ្នាំ២០២៣ ក៏ដោយ។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំសប្ដាហ៍របស់គណៈអចិន្ត្រៃយ៍ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ដោយជជែកលើរបៀបវារៈសំខាន់ៗចំនួន ២ ទី១-ពិនិត្យវឌ្ឍនភាពនៃការសាងសង់ភូមិកីឡា និងទី២-ពិនិត្យមើលវឌ្ឍនភាពការងាររបស់គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន។ ថ្លែងក្រោយចប់កិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការសាងសង់ភូមិកីឡា ឯកឧត្តមបណ្ឌិត ថោង ខុន បានអនុញ្ញាតឲ្យក្រុមហ៊ុន WorldBridge Sport Village ធ្វើការបញ្ជាក់ទាំងម្ចាស់គម្រោង និងអ្នកសាងសង់អំពីវឌ្ឍនភាព និងការសាងសង់ និងពេលវេលានៃការប្រគល់ជូន CAMSOC ដើម្បីចាត់ចែង និងរៀបចំត្រៀមទទួលស្វាគមន៍ប្រតិភូកីឡាស៊ីហ្គេម មកពីបណ្ដាប្រទេសអាស៊ាន។ ជាការបញ្ជាក់ទាំងម្ចាស់គម្រោង និងអ្នកសាងសង់បានអះអាងថា នឹងរួចរាល់មុនស៊ីហ្គេមនៅកម្ពុជាដោយបញ្ជាក់ថា ឆ្នាំ២០២២ នឹងផ្ដល់ជូនអាគារ និងខុនដូចំនួន ៣ ហើយនៅខែមករា ឆ្នាំ២០២៣ នឹងផ្ដល់ជូនខុនដូចំនួន ៦ ទៀតតាមការកំណត់។ ការអះអាងនេះ ដ្បិតក្រុមហ៊ុនបានសន្យានឹងសម្រុកសាងសង់កាន់តែខ្លាំង នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២ ខាងមុខដោយរយៈពេល ៦ថ្ងៃនឹងធ្វើឲ្យរួច ១ជាន់។
អគ្គលេខាធិការ CAMSOC ដដែលបានមានប្រសាសន៍ថា នេះគឺជាការផ្ដល់សក្ខីកម្ម និងបញ្ជាក់ឡើងវិញចំពោះការរៀបចំសាងសង់នេះឲ្យទាន់ពេលវេលា។ ប៉ុន្ដែការសាងសង់ផ្ទះនៅខាងក្រោមជាប្រភេទផ្ទះអាជីវកម្ម គឺអាចដំណើរការទាន់ពេលវេលាក្នុងការដាក់ឲ្យកីឡាករ ៣ពាន់នាក់បាន។ នេះគឺជាការផ្ដល់នូវទំនុកចិត្តមួយ ប៉ុន្ដែឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ឲ្យក្រុមហ៊ុនបង្ហាញពីភាពជាក់លាក់ក្នុងការអនុវត្ត និងការសាងសង់ អមជាមួយការដាក់ចេញនូវគោលការណ៍តាមដានមួយចំនួន ដោយឯកឧត្តមអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានដាក់ឲ្យក្រុមការងារជំនាញ ២រូបដើម្បីតាមដានការងាររបស់ក្រុមហ៊ុនសាងសង់នេះ។ គួរដឹងថា ភូមិកីឡាគឺជាផ្នែកមួយនៃបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹកលើផ្ទៃដីប្រមាណ ៨ហិចតាដែលសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ។ ភូមិកីឡាអាចបម្រើឲ្យការស្នាក់នៅរបស់ប្រតិភូ អត្តពលិក មន្ត្រីបច្ចេកទេសប្រមាណ ១ម៉ឺននាក់អំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា