កាលពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដែលភាគីវៀតណាមដឹកនាំដោយ លោកស្រី ផាន់ ធី ធូ ហៀន អគ្គនាយករង នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់លើនីតិវិធី និងលក្ខខណ្ឌចាំបាច់នានា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកកម្ពុជា-វៀតណាម អាចដំណើរការបាននៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (កម្ពុជា) - តឹនណាម (វៀតណាម) បានពេញលេញ ស្របតាមបទប្បញ្ញត្តិច្បាប់ និងឯកសារគតិយុត្តដែលមានជាធរមាន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរផងដែរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសនៃការយោគយល់គ្នា ស្មារតីមិត្តភាព អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយភាគីទាំងពីរបានឯកភាពលើការបន្តបំពេញនីតិវិធី និងការរៀបចំផ្នែកច្បាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យការដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ដំណើរការទៅបានពេញលេញនាពេលឆាប់ៗខាងមុខ។ ការអនុវត្តនេះនឹងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះផងដែរ ប្រតិភូនៃប្រទេសទាំងពីរ បានអញ្ជើញចុះទស្សនកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនៃហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំប្រតិបត្តិការនៅច្រកទ្វារព្រំដែន សំដៅគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោករវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព៕







