ក្រចេះ៖ នៅពីថ្ងៃទី៣ ខែឧសភានេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក យកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ បន្តចែកជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត ចំនួន ១៤២គ្រួសារទៀត រស់នៅតំបន់ដាច់ស្រយាល នៃស្រុកឆ្លូង ខេត្តក្រចេះ។
មានប្រសាសន៍នាឱកាសនោះឯកឧត្តម អ៊ុយ សំអាត បានឱ្យដឹងថា «ក្នុងដំណើរបេសកកម្មមនុស្សធម៌ នៅលើទឹកដីស្រុកឆ្លូងនេះ គឺមានរយៈពេល៣ថ្ងៃហើយ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងនោះក្រុមការងារបានចុះពិនិត្យជាក់ស្តែង ដើម្បីឱ្យបានឃើញពីអ្នកងាយរងគ្រោះបំផុត និងខ្វះខាតពិតប្រាកដ ដែលជាមុខសញ្ញាអាទិភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការប្រគល់ផ្តល់អំណោយនេះ។
ឯកឧត្តមបញ្ជាក់ថាបេសកម្មមនុស្សធម៌រយៈពេល៣ថ្ងៃនេះក្រុមការងារបានសហការជាមួយសាខាខេត្ត បានចុះចែកអំណោយ ជូនប្រជាពលរដ្ឋពលរដ្ឋដែលងាយរងគ្រោះបំផុត នៅតាមភូមិមួយចំនួនក្នុងស្រុកឆ្លូងនេះ ដែលមានសរុបចំនួន៣០៦គ្រួសារ។ ដោយនៅថ្ងៃទី៣ដែលថ្ងៃចុងបញ្ចប់សម្រាប់ស្រុកឆ្លូងនេះមានចំនួន១៤២គ្រួសារ ធ្វើឡើងនៅទីតាំងចំនួន ៣កន្លែងផ្សេងគ្នា៖ ទីតាំងទី១ ភូមិព្រៃគោ និងភូមិបឹងកៀប សម្រាប់ ៣២គ្រួសារ, ទីតាំងទី២ ភូមិក្រូច និងភូមិប្រឡាយទ្រៀក សម្រាប់ ២៧គ្រួសារ និងទីតាំងទី៣ ភូមិដង្ហិត និងភូមិ២៧សែនជ័យ សម្រាប់២៨គ្រួសារ ស្ថិតក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចូលរួមនាឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវការផ្តាំផ្ញើពីហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកជាទីបំផុត។
ទន្ទឹមនេះឯកឧត្តម បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា អាចបន្តបេសកម្មបាន។
ជាមួយគ្នានេះដែរ ឯកឧត្តមវេជ្ជ. ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រឺរន្ទះបាញ់ជាដើម។ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ថ្វីបើរាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋ ជាអ្នកសម្រេចចិត្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ តែត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។
ជាកិច្ចឆ្លើយយតប លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងសូមប្តេជ្ញាចិត្តចូលរួមការពារសុខសន្តិភាពឱ្យបានជាដាច់ខាត៕
















