កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភខ្លាំងចំពោះអំពើហិង្សាកើនឡើងដែលធ្វើឲ្យប៉ះពាល់ដល់ការឆ្លើយតបជំងឺអេបូឡានៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ឧបទ្ទវហេតុមួយតាមសេចក្តីរាយការណ៍ថាពាក់ព័ន្ធនឹងជនប្រដាប់អាវុធដែលបានកើតឡើងនៅជិតមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡាមួយកន្លែងក្នុងក្រុង Nyankunde ខេត្តIturi ប៉ុន្តែគ្មានអ្នកជំងឺ ឬបុគ្គលិកសុខាភិបាលណាម្នាក់រងរបួសឡើយ។ ផ្នែកសេវាថែទាំបានចាប់ផ្តើមឡើងវិញកាលពីថ្ងៃព្រហស្បតិ៍សម្រាប់អ្នកជំងឺអេបូឡាដែលធ្ងន់ធ្ងរចំនួនបួននាក់។

ស្ថានភាពសន្តិសុខកាន់តែអាក្រក់ បានបង្ខំឱ្យដៃគូមនុស្សធម៌ជាច្រើនដែលពាក់ព័ន្ធនឹងការឆ្លើយតបជំងឺអេបូឡាផ្លាស់ទីតាំងបុគ្គលិកជាបណ្តោះអាសន្នទៅកាន់ក្រុង Bunia របស់ខេត្ត Ituri។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការចូលទៅកាន់មជ្ឈមណ្ឌលព្យាបាល និងសហគមន៍នៅជុំវិញ នៅតែមានការរឹតត្បិត។
អាជ្ញាធរសុខាភិបាលរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានរាយការណ៍ពីករណីអេបូឡាចំនួន ជាង២,១០០ករណីនៅទូទាំងខេត្តចំនួនប្រាំ។ ខេត្ត Ituri នៅតែជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺ ដែលមានចំនួនជិត៩០ភាគរយនៃករណីដែលត្រូវបានបញ្ជាក់ទាំងអស់។
អង្គការ OCHA បាននិយាយថា សហគមន៍មនុស្សធម៌កាលពីថ្ងៃព្រហស្បតិ៍បានចេញផ្សាយផែនការឆ្លើយតបមនុស្សធម៌ដែលបានពិនិត្យឡើងវិញសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ ដោយបង្កើនតម្រូវការមូលនិធិពី១,៤ពាន់លានដុល្លារអាមេរិក ដល់២,៣ពាន់លានដុល្លារ។