កងកម្លាំងប្រដាប់អាវុធកូវ៉ែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១៦ កក្កដាសប្ដាហ៍នេះ ថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់យានដ្រូនរបស់សត្រូវលើតំបន់ជាច្រើននៃប្រទេសកូវ៉ែត ជាមួយនឹងការផ្ទុះជាច្រើនត្រូវគេបានឮពាសពេញតំបន់នៃប្រទេសនេះ ដោយសារការស្ទាក់ចាប់។

យោធាពុំបានផ្តល់ព័ត៌មានលម្អិតភ្លាមៗអំពីចំនួនយានដ្រូនដែលត្រូវបានស្ទាក់ចាប់ ប្រភពដើមរបស់វា ឬថាតើឧបទ្ទវហេតុនេះបានបណ្តាលឱ្យមានអ្នកស្លាប់ ឬខូចខាតដែរឬទេ។

ក្រសួងការបរទេសកូវ៉ែតបាននិយាយថា ប្រទេសនេះបានចាត់ទុកអ៊ីរ៉ង់ថា «អ្នកទទួលខុសត្រូវទាំងស្រុង» ចំពោះការវាយប្រហារ និងផលវិបាករបស់យានដ្រូនដោយព្រមានថា ការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងកូវ៉ែត និងរដ្ឋក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រផ្សេងទៀត នឹងធ្វើឱ្យភាពតានតឹងកាន់តែកើនឡើង និងប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានកំណត់គោលដៅមូលដ្ឋានទ័ព និងទីតាំងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូវ៉ែត បារ៉ែន និងហ្ស៊កដានី ដើម្បីសងសឹកចំពោះការវាយប្រហារថ្មីៗពីសំណាក់អាមេរិកប្រឆាំងនឹងទីតាំងនានានៅភាគខាងត្បូងអ៊ីរ៉ង់។សារព័ត៌មានរបស់អ៊ីរ៉ង់ រាយការណ៍ថា អាមេរិក បានវាយប្រហារស្ពានចំនួន៥ខ្សែ នៅភាគខាងត្បូង។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបំផ្លាញប្រព័ន្ធរ៉ាដា C-RAM មជ្ឈមណ្ឌលទំនាក់ទំនងផ្កាយរណប និងទីតាំងដំឡើងអាវុធនៅមូលដ្ឋានទ័ពអាកាស Ali Al Salem របស់ប្រទេសកូវ៉ែត វាយប្រហារចំណតយន្តហោះចម្បាំង និងមជ្ឈមណ្ឌលបញ្ជានៅមូលដ្ឋានទ័ពអាកាស al-Azraq របស់ប្រទេសហ្ស៊កដានី និងវាយប្រហារផែមួយនៅកំពង់ផែ Shuaiba របស់ប្រទេសកូវ៉ែត៕