ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតីយេម៉ែន លោក Rashad Al-Alimi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោក នឹងមិនអនុញ្ញាតឲ្យយន្តហោះបរទេសណាមួយចុះចតនៅអាកាសយានដ្ឋានយេម៉ែន ដោយគ្មានការយល់ព្រមពីពួកគេទេ ខណៈដែលភាពតានតឹង បានកើនឡើងលើការចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sanaa ដែលគ្រប់គ្រងដោយក្រុមហ៊ួទី។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយរដ្ឋ លោក Al-Alimi បានបញ្ជាក់ថា រដ្ឋាភិបាលនឹងចាត់វិធានការស្របច្បាប់ទាំងអស់ ដើម្បីការពារដែនអាកាស និងអធិបតេយ្យភាពរបស់ប្រទេសនេះ ខណៈពេលដែលជៀសវាងការកើនឡើងភាពតានតឹងនៅក្នុងតំបន់កាន់តែទូលំទូលាយ។
លោក Al-Alimi ក៏បានបដិសេធការចោទប្រកាន់របស់ក្រុមហ៊ួទីថា រដ្ឋាភិបាលនេះបានបិទអាកាសយានដ្ឋានអន្តរជាតិ Sanaa ដោយនិយាយថា ជើងហោះហើរស៊ីវិលអាចបន្តតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Yemen Airways។
នាព្រឹកថ្ងៃព្រហស្បតិ៍ មេដឹកនាំក្រុមហ៊ួទី លោក Abdulmalik al-Houthi បានព្រមាននៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រោងចក្រប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រផ្សេងទៀត នឹងក្លាយជាគោលដៅវាយប្រហារ ប្រសិនបើទីក្រុងរីយ៉ាដពង្រីកប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសយេម៉ែន៕
