ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តការលក់អាវុធដែលមានតម្លៃប្រមាណ ១,៩៦ ពាន់លានដុល្លារ ដើម្បីជំរុញការការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងកើនឡើង។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«ការលក់អាវុធដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយធ្វើឲ្យប្រសើរឡើងនូវសន្តិសុខរបស់សម្ព័ន្ធមិត្តមិនមែនជាសមាជិកណាតូដ៏សំខាន់មួយ ដែលជាកម្លាំងមួយសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ច នៅក្នុងតំបន់ឈូងសមុទ្រ»។
ក្នុងចំណោមអាវុធដែលព្រះរាជាណាចក្រនៅតំបន់ឈូងសមុទ្រអារ៉ាប់កំពុងស្វែងរកទិញ មានប្រព័ន្ធ ប្រព័ន្ធអាវុធស៊ីបគោលដៅឈានមុខរហូតដល់ ២០.០០០ឈុត ព្រមទាំងក្បាលគ្រាប់របស់ពួកវា។ គេហទំព័ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានពិពណ៌នាថា នេះគឺជា «មធ្យោបាយដែលមានតម្លៃសមស្របសម្រាប់កម្ទេចគោលដៅ ខណៈកាត់បន្ថយការខូចខាតដោយចៃដន្យក្នុងការប្រយុទ្ធនៅចម្ងាយជិត»។
ក្រសួងបានឲ្យដឹងថា ក្រុមហ៊ុន BAE Systems ដែលមានទីតាំងនៅទីក្រុង Nashua រដ្ឋ New Jersey នឹងធ្វើជាអ្នកម៉ៅការសំខាន់ទទួលខុសត្រូវចំពោះគម្រោងនេះ។
សេចក្តីប្រកាសព័ត៌មាននេះ បាននិយាយថា៖«ការលក់អាវុធដែលបានស្នើឡើងនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងការទប់ស្កាត់ការគំរាមកំហែងបច្ចុប្បន្ន និងអនាគត តាម រយៈការពង្រឹងការការពារមាតុភូមិរបស់ខ្លួន និងកែលម្អអន្តរប្រតិបត្តិការជាមួយកងកម្លាំងអាមេរិក និងកងកម្លាំងក្នុងតំបន់និងណាតូផ្សេងទៀត»៕

