រុស្ស៊ីបានសម្តែងការព្រួយបារម្ភចំពោះជំហានរបស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយអង្គការណាតូ ដោយបញ្ជាក់ថា ខ្លួនមិនអាចទទួលយកបានឡើយ ប្រសិនបើប្រទេសនេះ ក្លាយជាអ្នកចូលរួមជាក់ស្តែង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធយោធានេះ ដើម្បីពង្រឹងនិងបំពាក់អាវុធឡើងវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ដែលចេញផ្សាយបន្ទាប់ពីកិច្ចជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុងមូស្គូ លោក Lee Seok Bae ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា ភាគីរុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលកូរ៉េខាងត្បូងកាន់តែបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ ហើយយល់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធានិងបច្ចេកទេសយោធាជាមួយសម្ព័ន្ធយោធាអាត្លង់ទិកខាងជើងនេះ អាចបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន។
ក្រសួងការបរទេសក៏បានបញ្ជាក់ផងដែរថា៖«ពិតជាពុំអាចទទួលយកបានទេចំពោះសាធារណរដ្ឋកូរ៉េក្នុងការក្លាយជាអ្នកចូលរួមជាក់ស្តែងនៅក្នុងដំណើរការពង្រឹងសមត្ថភាពអាវុធឡើងវិញទាំងគុណភាព និងបរិមាណរបស់អង្គការណាតូ ខណៈដែលសម្ព័ន្ធយោធានេះ បានប្រកាសដោយចំហអំពីការរៀបចំរបស់ខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ី»៕
