ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងឈានដល់វគ្គជក់ចិត្តបំផុត នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា នៅកីឡដ្ឋាន MetLife Stadium ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey នៅពេលក្រុមម្ចាស់ការពារតំណែងជើងឯក គឺអាហ្សង់ទីន ត្រូវតទល់ជាមួយក្រុមម្ចាស់ជើងឯកអឺរ៉ុប អេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ។

ជំនួបនេះ គឺជាការតទល់គ្នា រវាងបទពិសោធន៍ និងភាពវៃឆ្លាតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនដឹកនាំដោយកីឡាករឆ្នើម Lionel Messi ទល់នឹងថាមពលយុវវ័យដ៏រស់រវើក និងយុទ្ធសាស្ត្រលេងយ៉ាងច្បាស់លាស់របស់ក្រុមអេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente។ នេះគឺជាលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រ World Cup ដែលប្រទេសទាំង២ ត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយវានឹងក្លាយជាការប្រកួតដ៏ជក់ចិត្តបំផុតដែលរួមបញ្ចូលគ្នានូវកេរ្តិ៍ឈ្មោះល្បីល្បាញ ភាពប៉ិនប្រសប់ និងការដាក់សម្ពាធកម្រិតខ្ពស់។
ក្រុមអាហ្សង់ទីន នឹងចូលទីលានប្រកួត ក្នុងនាមជាជើងឯក ៣សម័យកាល (១៩៧៨, ១៩៨៦, ២០២២)។ ក្រុមដែលមានរហស្សនាមថា ពពកស កំពុងប្រឹងប្រែង ដើម្បីក្លាយជាក្រុមដំបូងគេដែលការពារតំណែងជើងឯកដោយជោគជ័យ ចាប់តាំងពីប្រេស៊ីលធ្វើបាន ក្នុងឆ្នាំ១៩៦២។ ទន្ទឹមនឹងនេះដែរ អេស្ប៉ាញ បានឈ្នះពានរង្វាន់តែម្ដងប៉ុណ្ណោះ ក្នុងឆ្នាំ២០១០ នៅប្រទេសអាហ្វ្រិកខាងត្បូង ដោយយកឈ្នះហូឡង់ ១-០ នៅម៉ោងបន្ថែម ក្រោមការដឹកនាំរបស់លោក Vicente del Bosque។ វគ្គផ្តាច់ព្រ័ត្រនេះផ្តល់ឱ្យក្រុមរហស្សនាម «គោជល់» នូវឱកាស ដើម្បីបានក្លាយជាជើងឯកជាលើកទី២ និងបញ្ជាក់ពីការវិលត្រឡប់របស់ពួកគេទៅកាន់កំពូលតារាង បន្ទាប់ពីការចាកចេញមុនៗ។
អាហ្សង់ទីនបានធ្វើដំណើរមកដល់វគ្គនេះ ដោយការឈរលេខ ១ ក្នុងពូល J ដោយយកឈ្នះគ្រប់ការការប្រកួត ដែលមានអាល់ហ្សេរី អូទ្រីស និងហ្ស៊កដានី។ នៅក្នុងចាញ់ធ្លាក់ ពួកគេបានឆ្លងកាត់ការធ្វើតេស្តដ៏លំបាកជាងមុន តែនៅតែអាចមានជ័យជម្នះលើក្រុម Cape Verde (កាប់វ៉ែដ) អេហ្ស៊ីប ស្វីស និងវាយបកទម្លាក់អង់គ្លេស ក្នុងពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងលទ្ធផល ២-១។ ចំណែកអេស្ប៉ាញបានបង្ហាញពីភាពខ្លាំងរបស់ខ្លួន មុនមកដល់វគ្គដណ្ដើមពាននេះ ដោយឈរលើគេ ក្នុងពូល H ដែលមានក្រុមអារ៉ាប៊ីសាអ៊ូឌីត អ៊ុយរូហ្គាយ និង Cape Verde (កាប់វ៉ែដ)។ ក្នុងវគ្គចាញ់ធ្លាក់ ក្រុមនេះបានទម្លាក់អូទ្រីស ព័រទុយហ្គាល់ បែលហ្ស៊ិក និងបារាំង។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមទាំង២ នេះ នឹងតំណាងឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ភាពចម្រូងចម្រាស ទេពកោសល្យដ៏ប៉ិនប្រសប់ និងជោគវាសនា ក្នុងពេលជាមួយគ្នា៕

