ពលរដ្ឋជប៉ុនមួយក្រុមបានទៅប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃមជ្ឈមណ្ឌល Shibuya ទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi ក្នុងការកែប្រែរដ្ឋធម្មនុញ្ញ បង្កើនការចំណាយលើវិស័យការពារជាតិ និងការបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញអាវុធ។ អ្នកចូលរួមជាច្រើននៅក្នុងការប្រមូលផ្តុំគ្នាបានកាន់បដា និងស្រែកពាក្យស្លោកប្រឆាំងសង្គ្រាម ដោយទាមទារឱ្យរដ្ឋាភិបាលជប៉ុនបញ្ឈប់ការជំរុញរបស់ខ្លួនសម្រាប់ការកែប្រែរដ្ឋធម្មនុញ្ញ។
អ្នកតវ៉ានិយាយថា «ខ្ញុំជឿថារដ្ឋបាលរបស់លោកស្រី Takaichi កំពុងជំរុញការកែប្រែរដ្ឋធម្មនុញ្ញដើម្បីត្រៀមសម្រាប់សង្គ្រាម។ ទោះបីជាសង្គ្រាមមិនផ្ទុះឡើងក៏ដោយ ជីវិតសន្តិភាពនិងស្ថិរភាពដែលយើងមានរហូតមកដល់ពេលនេះនៅតែអាចបាត់បង់បានតាមរយៈការកែណ្ឌកងទ័ព និងការបង្វែរធនធានទៅជាសង្គ្រាម។ ខ្ញុំសង្ឃឹមថានឹងទប់ស្កាត់រឿងនេះមិនឲ្យកើតឡើង»។
អ្នកតវ៉ាម្នាក់ទៀតបាននិយាយថា «ខ្ញុំប្រឆាំងដាច់ខាតចំពោះរឿងនេះ។ ពួកគេកំពុងព្យាយាមប្រែក្លាយប្រទេសជប៉ុនទៅជាប្រទេសដែលមានសមត្ថភាពធ្វើសង្គ្រាម។ ពួកគេក៏កំពុងព្យាយាមកែប្រែរដ្ឋធម្មនុញ្ញក្នុងទិសដៅអវិជ្ជមាន ដោយអនុវត្តគោលនយោបាយដែលបោះបង់ចោលក្រុមងាយរងគ្រោះ និងពង្រីកសព្វាវុធយោធា។ ខ្ញុំប្រឆាំងនឹងរឿងទាំងអស់នេះទាំងស្រុង» ។
អ្នកចូលរួមមួយចំនួនបានបង្ហាញការព្រួយបារម្ភអំពីគោលនយោបាយរបស់រដ្ឋបាល លោកស្រី Takaichi ស្តីពីការកែប្រែរដ្ឋធម្មនុញ្ញ និងការពង្រីកយោធា ដោយបញ្ជាក់ថា ប្រទេសជប៉ុន គួរតែបញ្ចៀសប្រវត្តិសាស្ត្រសង្គ្រាមរបស់ខ្លួនដដែលៗ។

