ក្រុមហេសបូឡាកាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធការចោទប្រកាន់ថា ខ្លួនពាក់ព័ន្ធនឹងសកម្មភាពទាក់ទងនឹងអាវុធនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីអាជ្ញាធរក្រសួងមហាផ្ទៃស៊ីរី បានប្រកាសនាពេលមុននេះថា ពួកគេបានទប់ស្កាត់ការប៉ុនប៉ងរត់ពន្ធអាវុធ និងមីស៊ីលដែលមានគោលដៅបញ្ជូនទៅឲ្យក្រុមនេះនៅប្រទេសលីបង់។
អាជ្ញាធរស៊ីរីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានស្ទាក់ចាប់ការដឹកជញ្ជូនអាវុធ និងមីស៊ីលទំនើបៗ នៅតាមបណ្តោយព្រំដែនស៊ីរី-អ៊ីរ៉ាក់ ខណៈពេលដែលពួកវាកំពុងត្រូវបាននាំចូលមកក្នុងទឹកដីស៊ីរី។ ការស៊ើបអង្កេតជាបឋមបានបង្ហាញថា ការដឹកជញ្ជូននោះ ត្រូវបានសង្ស័យថា មានគោលបំណងឆ្លងកាត់ប្រទេសស៊ីរី មុននឹងបញ្ជូនបន្តទៅឲ្យក្រុមហេសបូឡានៅលីបង់។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធកំពុងបន្តការស៊ើបអង្កេត និងអនុវត្តវិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រតិបត្តិការរត់ពន្ធដែលត្រូវបានចោទប្រកាន់នេះ។
ជាការឆ្លើយតប ការិយាល័យទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនបានពាក់ព័ន្ធនឹងករណីនេះឡើយ ហើយបានបញ្ជាក់ថា ក្រុមនេះបានច្រានចោលជាបន្តបន្ទាប់នូវការអះអាងដែលថា ខ្លួនមានសកម្មភាពនៅក្នុងទឹកដីស៊ីរី៕

