លោក Georgy Borisenko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានប្រាប់សារព័ត៌មាន TASSថា ទាហានស៊ីឈ្នួលអ៊ុយក្រែន និងក្រុមភេរវករ អាចបង្កើនសកម្មភាពរបស់ពួកគេ នៅប្រទេសម៉ាលី។
លោកបាននិយាយថា៖«គ្មានអ្វីដែលអាចច្រានចោលបាននោះទេ ព្រោះយើងមើលឃើញយ៉ាងច្បាស់ថា ប្រទេសលោកខាងលិចជាច្រើន មិនថាតែអ៊ុយក្រែននោះទេ កំពុងស្វែងរកមធ្យោបាយបង្កគ្រោះថ្នាក់ដល់ រុស្ស៊ី និងរារាំងបណ្តាប្រទេសនៅអាហ្វ្រិកមិនឲ្យក្លាយជារដ្ឋដែលមានអធិបតេយ្យភាព និងឯករាជ្យពេញលេញទេ»។
មន្ត្រីការទូតជាន់ខ្ពស់រូបនេះ បានលើកឡើងថា បណ្តាប្រទេសនៅអាហ្វ្រិក «បដិសេធការបង្គាប់បញ្ជារបស់អតីតមហាអំណាចអាណានិគមរបស់ខ្លួន និងមហិច្ឆតាបែបអាណានិគមថ្មី ណាមួយ ដែលបណ្តាប្រទេសលោកខាងលិច កំពុងអនុវត្ត»៕

