នាថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីចិន លោក Xi Jinping បានចាត់ទុកទីក្រុងប៉េកាំងជាអ្នកគាំទ្រឈានមុខនៃសណ្តាប់ធ្នាប់បញ្ញាសប្បនិម្មិត (AI) សកលថ្មី ដោយលោកបានប្រើប្រាស់សន្និសីទបច្ចេកវិទ្យាលំដាប់កំពូលរបស់ប្រទេសចិន ដើម្បីលើកកម្ពស់បច្ចេកវិទ្យាកូដបើកចំហ (Open-source Technology) និងប្រជែងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ជុំវិញវិធាននានាដែលគ្រប់គ្រងលើវិស័យកំពុងរីកដុះដាលយ៉ាងឆាប់រហ័សមួយនេះ។

នៅក្នុងសុន្ទរកថាទៅកាន់ពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (WAIC) នៅទីក្រុងស៊ាងហៃ លោក Xi បានជំរុញឱ្យប្រទេសនានា «ចាប់យកឱកាសដ៏កម្រ និងជាប្រវត្តិសាស្ត្រ» នៃបច្ចេកវិទ្យា AI កូដបើកចំហ (Open-source AI) ហើយលោកបានប្តេជ្ញាជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ កសាងសមត្ថភាព AI ព្រមទាំងបានព្រមានប្រឆាំងនឹងការលេចឡើងនូវ «ភាពអយុត្តិធម៌ប្រវត្តិសាស្ត្រថ្មីៗ» ដែលបណ្តាលមកពីលទ្ធភាពទទួលបានបច្ចេកវិទ្យានេះមិនស្មើគ្នា។
ការកត់សម្គាល់ទាំងនេះបានក្លាយជាការបញ្ជាក់យ៉ាងច្បាស់បំផុតរបស់លោក Xi អំពីមហិច្ឆតារបស់ចិន ក្នុងការរៀបចំទម្រង់គ្រប់គ្រង AI សកល ដោយបានចាត់ទុកម៉ូដែលកូដបើកចំហ (Open-source Models) របស់ខ្លួនថា ជាផលប្រយោជន៍សាធារណៈសកល និងបានដាក់ទីក្រុងប៉េកាំងជាជម្រើសមួយជំនួសឱ្យទីក្រុងវ៉ាស៊ីនតោន នៅក្នុងដំណាក់កាលដ៏សំខាន់នៃការប្រកួតប្រជែងដណ្តើមភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា។
ជាមួយគ្នានេះ លោក Xi ក៏បានអំពាវនាវផងដែរឱ្យប្រព័ន្ធ AI នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស និងបានជំរុញឱ្យប្រទេសនានាបង្កើតយន្តការព្រមានដំបូង និងឆ្លើយតប ក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងហានិភ័យ AI នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់បំផុតរបស់លោកមិនធ្លាប់មានរហូតមកដល់ពេលនេះ ស្តីពីសុវត្ថិភាព AI។ លោកបានជំរុញបន្ថែមទៀតឱ្យមាននូវវិធានការ ដើម្បីការពារប្រឆាំងនឹងសេណារីយ៉ូបាត់បង់ការគ្រប់គ្រង ដោយព្រមានអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយប្រព័ន្ធ AI ស្វយ័ត ដែលអាចគេចពីការត្រួតពិនិត្យ និងការគ្រប់គ្រងរបស់មនុស្ស៕
