នគរបាលអង់គ្លេសបាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានចោទប្រកាន់បុរសអាយុ ៣៩ឆ្នាំម្នាក់ពីបទសង្ស័យថា បានជួយសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ ដែលជាករណីចុងក្រោយបង្អស់នៅក្នុងឧប្បត្តិហេតុជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងទីក្រុងតេអេរ៉ង់ និងបទល្មើសដែលស្ថិតនៅក្រោមច្បាប់សន្តិសុខជាតិរបស់ចក្រភពអង់គ្លេស។
នគរបាលបានអះអាងថា ជនសង្ស័យឈ្មោះ Vahid Aberi មកពីទីក្រុង Liverpool ភាគខាងជើងប្រទេសអង់គ្លេស ត្រូវបាននាំទៅកាន់ប៉ុស្តិ៍នគរបាលមួយ នៅតំបន់ភាគកណ្តាលប្រទេសអង់គ្លេស។ ជាមួយគ្នានេះ អាជ្ញាធរក៏បានធ្វើការឆែកឆេរនៅអាសយដ្ឋានមួយចំនួន ក្នុងទីក្រុង Birmingham) និង Liverpool ផងដែរ។
មន្ត្រីសន្តិសុខចក្រភពអង់គ្លេស បានព្រមានម្តងហើយម្តងទៀតថា អ៊ីរ៉ង់បានព្យាយាមប្រើប្រាស់ក្រុមឧក្រិដ្ឋជន ដើម្បីធ្វើសកម្មភាពអរិភាពនៅក្នុងប្រទេសនេះ។ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអាមេរិក-អ៊ីរ៉ង់មក មានការវាយប្រហារប្រឆាំងនឹងជនជាតិជ្វីហ្វមួយចំនួននៅក្នុងប្រទេសអង់គ្លេស ដែលជាប់ទាក់ទងនឹងអ៊ីរ៉ង់។
ក្នុងគោលបំណងប្រើប្រាស់អំណាចថ្មី ដែលត្រូវបានបង្កើតឡើងដើម្បី ទប់ស្កាត់ការប្រើប្រាស់ក្រុមតំណាងដែលទទួលការគាំទ្រពីរដ្ឋ ចក្រភពអង់គ្លេសបានហាមឃាត់ការគាំទ្រដល់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) កាលពីដើមសប្តាហ៍នេះ៕

