ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានហៅកូរ៉េខាងត្បូងថាជា «អាយ៉ង» បន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធដែនសមុទ្រដឹកនាំដោយសហរដ្ឋអាមេរិក ដោយលើកឡើងថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងត្រូវទទួលខុសត្រូវ ចំពោះ «ការកើនឡើងនូវភាពតានតឹងមិនអាចទាយទុកមុនបាន» ណាមួយ នៅក្នុងតំបន់។
ការអត្ថាធិប្បាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានកើតឡើងបន្ទាប់ពីមានសមយុទ្ធ Rim of the Pacific Exercise (RIMPAC) នៅកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលបានឃើញកងទ័ពជើងទឹកកូរ៉េខាងត្បូងដឹកនាំកងកម្លាំងដែនសមុទ្រជាលើកដំបូង។
សមយុទ្ធនេះត្រូវបានគេចាត់ទុកថា ជាលំហាត់សមដែនសមុទ្រអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក ហើយត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង។ ហើយបើយោងតាមគេហទំព័រ RIMPAC បានឱ្យដឹងថា ប្រទេសប្រហែល ៣០ បានចូលរួមនៅឆ្នាំនេះ ក្នុងនោះរួមមានទាំងជប៉ុន កាណាដា និងអូស្ត្រាលីផងដែរ។
KCNA បានផ្សាយថា «កងកម្លាំងអាយ៉ងកូរ៉េខាងត្បូង បានចូលរួមក្នុងនាមជាសមាសភាគដ៏សំខាន់មួយ» នៅចំពេលដែល «ការឃុបឃិតគ្នាផ្នែកយោធាកំពុងលេចឡើងកាន់តែច្បាស់ឡើងៗ» ដោយនេះជាការសំដៅទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការយោធា រវាងកូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយអង្គការណាតូ (NATO) នាពេលថ្មីៗនេះ។
នេះជាលើកដំបូងហើយ ក្នុងរយៈពេលប្រហែល ១ឆ្នាំ និង ៣ខែ ដែលកូរ៉េខាងជើងបានប្រើពាក្យថា «អាយ៉ង» ដើម្បីសំដៅទៅលើទីក្រុងសេអ៊ូល៕


