វាយសី៖ ឯកឧត្ដម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីក្រសួងបានដាក់បញ្ចូលកីឡាវាយសី ក្នុងកម្មវិធីប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ដែលជាការបំផុស និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែរីកចម្រើន។
ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំកម្មវិធីចាប់ឆ្នោតប្រកួត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីល្ងាចថ្ងៃទី០៣ ខែឧសភាម្សិលមិញ គ្រាដែលប្រភេទកីឡាវាយសីនេះនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៧ ខែឧសភាខាងមុខនៅទីលានកីឡាវាយសី នៃអគារសហភាពសហព័ន្ធយុវជនកម្ពុជា-រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំសហព័ន្ធដដែលបានចាត់ទុកការបញ្ចូលកីឡាវាយសី ក្នុងការប្រកួតលក្ខណៈកុមារដែលមានកម្រិតអាយុក្រោម ១២ឆ្នាំនៃការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិនេះ នឹងផ្ដល់ផលល្អសម្រាប់សហព័ន្ធក្នុងការសម្លឹងរកធនធានកីឡាករ-កីឡាការិនីវ័យក្មេងដែលមានសក្ដានុពលសម្រាប់បន្ដវេណ។ ឯកឧត្តមរំពឹងថា តាមរយៈការប្រកួតនេះនឹងជំរុញវិស័យកីឡាវាយសីកម្ពុជាកាន់តែរីកចម្រើននាថ្ងៃអនាគត។
សូមបញ្ជាក់ថា ការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសាហើយគ្រោងបញ្ចប់នាថ្ងៃទី០៨ ខែឧសភា ដោយក្រសួងអប់រំ យុវជន និងកីឡាបានកំណត់កីឡា ៨ប្រភេទដាក់ក្នុងកម្មវិធីប្រកួតក្នុងនោះក៏មានកីឡាវាយសីផងដែរ។ សម្រាប់ប្រភេទកីឡានេះគឺមានខេត្តចំនួន ៦ បានបញ្ជូនសិស្សានុសិស្សចូលរួមដែលមានប្រតិភូ និងកីឡាករ-កីឡាការិនីសរុប ៦៨នាក់៕
អត្ថបទ៖ លី ឈុនឡា