ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា ក្រសួងថាមពលអ៊ីរ៉ង់បានជំរុញឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដើម្បីជួយឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល នៅក្នុងខេត្តភាគខាងត្បូងរបស់ប្រទេស បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរោងចក្រថាមពល ដោយលើកឡើងពីការខូចខាត ដោយសារកម្ដៅខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធ។
សារព័ត៌មាន ISNA បានឱ្យដឹងថា ក្រសួងបានស្នើសុំឱ្យអតិថិជនបិទម៉ាស៊ីនត្រជាក់រយៈពេល ១ម៉ោង ក្នុងអំឡុងពេលមានការប្រើប្រាស់ច្រើនបំផុត ដើម្បីជួយធានាបាននូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាពជាងមុនដល់ខេត្តដែលរងប៉ះពាល់។
បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក បានប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ចប់ការវាយប្រហារវាយលុកថ្មី លើអ៊ីរ៉ង់ ដែលជាយប់ទី៦ ជាប់ៗគ្នានៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅលើធនធានយោធាអ៊ីរ៉ង់។
ភាពតានតឹងក្នុងតំបន់ បានកើនឡើងចាប់តាំងពីខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូន ដោយកំណត់គោលដៅលើប្រទេសឈូងសមុទ្រដែលមានធនធានយោធាអាមេរិក។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (UN) ដែលសម្របសម្រួលដោយប៉ាគីស្ថានកាលពីខែមុន ដែលមានគោលបំណងបញ្ចប់ជម្លោះ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។ តែភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញបញ្ហាច្រកសមុទ្រ Hormuz ដោយភាគីទាំង២ បានវាយប្រហារគ្នាទៅវិញទៅមក៕

