អាជ្ញាធរបានប្រាប់ឱ្យដឹងថា ព្យុះផ្គររន្ទះខ្លាំង បានបង្កឲ្យមានទឹកជំនន់ និងការរំខាននៅទូទាំងតំបន់នានារបស់ប្រទេសស្វីស កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) ដោយអាកាសធាតុអាក្រក់ធ្ងន់ធ្ងរត្រូវបានគេរំពឹងថា នឹងបន្តមាននៅថ្ងៃសុក្រនេះ។
បើយោងតាមសារព័ត៌មាន Swissinfo ដោយសំអាងដល់ស្ថាប័នសារព័ត៌មាន Keystone-SDA បានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យ នៅក្នុងតំបន់ Zurich បានឆ្លើយតបទៅនឹងឧប្បត្តិហេតុចំនួន ២៦៨លើក ដែលភាគច្រើនពាក់ព័ន្ធនឹងអគារលិចទឹក និងដើមឈើដួលរលំ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ប្រទេសស្វីស SRF Meteo បានកត់ត្រាការវាយប្រហារដោយរន្ទះជាង ២៦.០០០ដង នៅម៉ោង ១១យប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២១ ម៉ោងសកល) ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានកើតមានពាសពេញតំបន់ជាច្រើន។
សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា ទីក្រុង Winterthur ភាគខាងជើង បានមានភ្លៀងធ្លាក់ខ្លាំងបំផុត ដោយប្រហែល ១ភាគ៣ នៃកម្រិតទឹកភ្លៀងមធ្យមប្រចាំខែកក្កដា បានធ្លាក់ត្រឹមរយៈពេលតែមួយល្ងាច។ ជាមួយគ្នានេះ ព្រឹលធ្លាក់ខ្លាំង ក៏បានមានផងដែរពាសពេញតំបន់ជាច្រើន ដែលលាតសន្ធឹងពីភាគកណ្តាលប្រទេសស្វីសដល់ទីក្រុង Winterthur។
ទីភ្នាក់ងារអាកាសធាតុបានណែនាំសាធារណជនឱ្យជៀសវាងតំបន់ទីវាល ឬទីតាំងប្រឈមគ្រោះថ្នាក់ ដូចជាជួរភ្នំ វាលទំនាបធំៗ និងទីកន្លែងដែលមានប្រភពទឹក ព្រមទាំងត្រូវចងរឹតបន្តឹងវត្ថុទាំងឡាយណាដែលនៅខាងក្រៅផ្ទះឱ្យបានជាប់ល្អ និងបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពអាកាសធាតុដែលកំពុងប្រែប្រួលយ៉ាងរហ័ស៕


