រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានស្នើឱ្យជំនួសបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ដែលផុតកំណត់នៅប្រទេសលីបង់ ដោយប្រើប្រាស់កងកម្លាំងក្រោមអាណត្តិរបស់សហភាពអឺរ៉ុប (EU) វិញ ដើម្បីបង្ការកុំឱ្យមានភាពទំនេរផ្នែកសន្តិសុខ។ នេះបើយោងតាមអ្វីដែលលោកបានប្រាប់បណ្តាញសារព័ត៌មាន Redaktionsnetzwerk Deutschland។

នៅក្នុងបទសម្ភាសន៍ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) លោក Wadephul បាននិយាយថា៖ «យើងគួរតែពិនិត្យមើលនៅ EU ថា តើយើងអាចធានាថា គ្មានភាពទំនេរផ្នែកសន្តិសុខ កើតឡើង ជាមួយនឹងអាណត្តិរបស់អឺរ៉ុបបានដែរ ឬទេ បន្ទាប់ពីបេសកកម្ម UNIFIL (កងកម្លាំងបណ្តោះអាសន្នរបស់ UN ប្រចាំនៅប្រទេសលីបង់) បញ្ចប់អាណត្តិ»។
បេសកកម្ម UNIFIL ត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ០២៦។ សភាអាល្លឺម៉ង់បានពង្រីកការចូលរួមរបស់ប្រទេស នៅក្នុងបេសកកម្មនេះលើកចុងក្រោយ កាលពីប៉ុន្មានសប្តាហ៍មុន។
លោក Wadephul បាននិយាយថា ប្រទេសលីបង់ដែលមានរដ្ឋាភិបាលប្រកបដោយស្ថិរភាព បានបង្ហាញឱ្យឃើញពី «ការអភិវឌ្ឍមួយ ក្នុងចំណោមការអភិវឌ្ឍប្រកបដោយក្តីសង្ឃឹមបំផុតនៅក្នុងតំបន់ នាពេលបច្ចុប្បន្ននេះ»។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា កងកម្លាំងដែលស្ថិតក្រោមអាណត្តិរបស់ EU អាច «បង្កើតលក្ខខណ្ឌ ដើម្បីឱ្យកងទ័ពអ៊ីស្រាអែលដកចេញ ដោយមិនមានការវិលត្រឡប់មកវិញនូវសកម្មភាពភេរវកម្មរបស់ក្រុមហេសបូឡា»៕
