ទោចក្រយាន៖ កីឡាករខ្មែរ-អាមេរិក Johnny Phan បានបង្ហាញនូវមោទនភាពក្រៃលែង បន្ទាប់ពីត្រូវបានសហព័ន្ធខ្មែរកីឡាទោចក្រយាន ប្រកាសខ្លួនជាបេក្ខភាពក្រុមជម្រើសជាតិកម្ពុជា ដែលជាប្រទេសកំណើតរបស់ឪពុកម្ដាយខ្លួន ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១។

Johnny Phan គឺជាកីឡាករទោចក្រយានកម្រិតខ្ពស់ជំនាញកង់គួក ឬ Road Bike ដែលចាប់កំណើតលើទឹកដីអាមេរិក តែមានឪពុកម្ដាយជាជនជាតិខ្មែរ ដែលជាអ្នកខេត្តបាត់ដំបង។ Johnny មានបទពិសោធន៍ជាង ១០ឆ្នាំមកហើយ ខណៈ ៧ឆ្នាំចុងក្រោយ គេជាប្រធានក្រុម និងជាគ្រប់ក្រងក្រុមមួយឈ្មោះ Cutaway One South ដែលជាក្រុមអាជីពកម្រិតខ្ពស់នៅអាមេរិកទៀតផង។ ឆ្លើយតបលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន Johnny បានបង្ហាញអារម្មណ៍រំភើបរីករាយ ក្នុងការប្រកាសខ្លួនជាកីឡាករជម្រើសជាតិកម្ពុជា ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងការត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង។ ដូច្នេះគេបានប្ដេជ្ញាចិត្ត និងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឆ្លើយតបជាមួយការផ្ដល់ឱកាសនេះ។
Johnny បានសង្កត់ធ្ងន់ថា ខ្លួនពិតជាមានមោទនភាពណាស់ ដែលបានតំណាងប្រទេសកំណើតរបស់ក្រុមគ្រួសាររសប់ខ្លួន ស្របពេលបច្ចុប្បន្នខ្លួនមានបេសកកម្មមួយ ក្នុងព្រឹត្តិការណ៍មួយនៅអាត្លង់តា។ យ៉ាងណាមិញ Johnny បានថ្លែងអំណរគុណចំពោះសមាជិកក្រុម និងគ្រួសាររបស់ខ្លួនដែលតែងជំរុញ និងលើកទឹកចិត្តរហូតធ្វើឲ្យខ្លួនទទួលបានជោគជ័យ ក្នុងអាជីពកីឡាទោចក្រយាននេះ។ ទន្ទឹមជាមួយគ្នាលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានបញ្ជាក់ថា សហព័ន្ធបានធ្វើការជាមួយ Johnny Phan ជាយូរមកហើយ ហើយគេក៏រីករាយក្នុងកិច្ចសហការ ដើម្បីឈានមកប្រកួតតំណាងប្រទេសកម្ពុជាដែរ។ លោកថា Johnny ជាកីឡាករមានបទពិសោធន៍ និងធ្លាប់ទទួលបានលទ្ធផលល្អជាច្រើន ក្នុងការប្រកួតនៅអាមេរិក។ ដូច្នេះលោករំពឹងថា វត្តមានរបស់គេនៅស៊ីហ្គេម ក៏នឹងទទួលបានលទ្ធផលល្អដែរ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា តាមការគ្រោងទុក Johnny Phan អាចនឹងមកកម្ពុជា អំឡុងខែមេសា ឬខែឧសភា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល ដើម្បីដកស្រង់បទពិសោធន៍មួយរយៈពេល មុនត្រឡប់ទៅអាមេរិកវិញរហូតដល់មុនការប្រកួតស៊ីហ្គេម ២ខែ ទើបគេមកប្រមូលផ្ដុំហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិកម្ពុជាត្រៀមការប្រកួតតែម្ដង ដោយ Johnny គ្រោងប្រកួតលើវិញ្ញាសា ២ រួមមានវិញ្ញាសា Criterium និងវិញ្ញាសា Individual Mass start។ គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមគ្រោងប្រកួតពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ តែក្រោយពីត្រៀមប្រកួតស៊ីហ្គេមនៅវៀតណាម Johnny ក៏ត្រៀមខ្លួនរួចរាល់ក្នុងការបន្ដជួយ ក្រុមជម្រើសជាតិកីឡាទោចក្រយានកម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ៕
អត្ថបទ៖ លី ឈុនឡា