វិមានក្រឹមឡាំងនៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបដិសេធការចោទប្រកាន់ ដែលថា ប្រទេសរុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ថា ការស៊ើបអង្កេតរបស់អាមេរិកពីមុន មិនបានរកឃើញភស្តុតាងណាមួយដែលបង្ហាញថា ទីក្រុងមូស្គូមានឥទ្ធិពលលើលទ្ធផលនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass។
អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងសំដៅទៅលើការអះអាងផ្នែកស៊ើបការណ៍សម្ងាត់ដែលមិនជាក់លាក់ និងគ្មានភ័ស្តុតាងច្បាស់លាស់ នៅពេលដែលពណ៌នាអំពីរុស្ស៊ីថា ជាការគំរាមកំហែងដល់ការបោះឆ្នោតអាមេរិក។

លោក Peskov បាននិយាយថា៖ «ការពិត គឺថា ប្រធានាធិបតីកំពុងសំដៅទៅលើព័ត៌មានមួយចំនួន ព័ត៌មានអនាមិក ព័ត៌មានដែលមិនមានមូលដ្ឋានពីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក»។
លោកបានបន្តថា ការស៊ើបអង្កេតជាច្រើនរបស់សហរដ្ឋអាមេរិក បានសន្និដ្ឋានថា រុស្ស៊ី «មិនមានឥទ្ធិពល» លើការបោះឆ្នោតរបស់សហរដ្ឋអាមេរិកទេ។ លោកបានបន្ថែមថា ទីក្រុងមូស្គូមិនដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ ហើយរំពឹងថា ប្រទេសដទៃទៀតនឹងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ីវិញដូចគ្នាដែរ។
គួរបញ្ជាក់ថា នៅមុននេះ លោក Trump បានប្រកាសថា រុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង គឺជា «សត្រូវ» ដែលមានសមត្ថភាពជ្រៀតចូល «ហេដ្ឋារចនាសម្ព័ន្ធបោះឆ្នោត» របស់សហរដ្ឋអាមេរិក៕
