យោងតាមរបាយការណ៍ដែលផ្អែកលើរូបភាពផ្កាយរណបពាណិជ្ជកម្ម បានបង្ហាញថា ប្រទេសកូរ៉េខាងជើងហាក់ដូចជាបានសាងសង់ទីតាំងស្តុក និងថែទាំច្រើនកន្លែង សម្រាប់ប្រព័ន្ធបាញ់រ៉ូកែតច្រើនគ្រាប់ នៅជិតព្រំដែនអន្តរកូរ៉េ។
វិទ្យុអាស៊ីសេរី (RFA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះថា រូបភាពផ្កាយរណបដែលថត រវាងឆ្នាំ២០២៣ និង២០២៥ បានបង្ហាញឱ្យឃើញអគាររាងទ្រវែងចំនួន ២១ខ្នង ដែលអគារនីមួយៗមានប្រវែងប្រហែល ៥២ម៉ែត្រ ត្រូវបានសាងសង់ឡើងនៅឯមូលដ្ឋានយោធាតូចៗរបស់កូរ៉េខាងជើង ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Kaesong និងភាគខាងជើងទន្លេហាន (Han River)។ របាយការណ៍ដដែលនេះបានបន្តថា ទីតាំងទាំងនោះ ស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បើគិតជាខ្សែបន្ទាត់ត្រង់។
យោងតាម RFA បានឱ្យដឹងថា អគារទាំងនោះមានពិដានខ្ពស់ ប្លង់ទម្រង់វែង និងតូចចង្អៀត ហើយមានផ្លូវថ្នល់ដែលអនុញ្ញាតឱ្យយានយន្តអាចបើកចូលបានពីផ្នែកទាំង២។ លក្ខណៈពិសេសទាំងនេះ អាចធ្វើឱ្យអគារទាំងនោះមានភាពសមស្រប ក្នុងការស្តុក ឬថែទាំរថយន្តយោធា សម្រាប់ដឹកជញ្ជូន និងដំឡើងជើងទម្រ និងប្រព័ន្ធបាញ់រ៉ូកែតច្រើនគ្រាប់។ ក្រៅពីនេះ ការិយាល័យ និងគ្រឿងបរិក្ខារគាំទ្រផ្សេងៗទៀត ក៏ហាក់ដូចជាត្រូវបានសាងសង់ភ្ជាប់ទៅនឹងអគារទាំងនោះផងដែរ។
លោក Jacob Bogle អ្នកវិភាគរូបភាពផ្កាយរណប បានប្រាប់ RFA ថា កូរ៉េខាងជើង បាន និងកំពុងពង្រីកទីតាំងដែលទាក់ទងនឹងឧបករណ៍បាញ់រ៉ូកែតច្រើនគ្រាប់ ដោយស្ងាត់ៗ។
គួរបញ្ជាក់ថា តំបន់ DMZ ឬតំបន់គ្មានយោធា ត្រូវបានបង្កើតឡើងក្រោមបទឈប់បាញ់ឆ្នាំ១៩៥៣ ដែលបានបញ្ឈប់សង្គ្រាមកូរ៉េ។ តំបន់ទ្រនាប់នេះដែលមានប្រវែងប្រហែល ២៥០គីឡូម៉ែត្រ និងទទឹង ៤គីឡូម៉ែត្រ ហ៊ុមព័ទ្ធខ្សែបន្ទាត់កំណត់ព្រំដែនយោធា ដែលជាព្រំដែនជាក់ស្តែង រវាងកូរ៉េទាំង២៕

