ផ្សែងដែលហោះអណ្តែតទៅភាគខាងត្បូង ដោយសារចំហេះព្រៃដ៏ធំ នៅក្នុងប្រទេសកាណាដា បាននាំឱ្យមានគុណភាពខ្យល់កាន់តែអាក្រក់ នៅទូទាំងតំបន់មួយចំនួននៃភាគឦសានសហរដ្ឋអាមេរិក ដែលបង្កើនក្ដីបារម្ភ អំពីសុខភាព នៅមុនការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ នៅថ្ងៃអាទិត្យ (ទី១៩ ខែកក្កដា) រវាងក្រុមអេស្ប៉ាញ និងអាហ្សង់ទីន នៅពហុកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey។
អាជ្ញាធរ នៅទីក្រុង New York និងរដ្ឋ New Jersey បានចេញសេចក្តីជូនដំណឹង អំពីគុណភាពខ្យល់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីផ្សែងពីចំហេះព្រៃរាប់រយកន្លែង ដែលភាគច្រើន កំពុងឆាបឆេះនៅខេត្ត Ontario បានរាលដាលពាសពេញតំបន់។

មន្ត្រីបានឱ្យដឹងថា រយៈពលគ្របដណ្ដប់ដោយកម្ដៅ នៅតំបន់នោះ បានបង្ខាំងភាគល្អិតៗ ឱ្យនៅជាប់នឹងផ្ទៃផែនដី ដែលធ្វើឱ្យផ្សែងមិនអាចបែកខ្ញែកទៅណាបាន និងកំពុងធ្វើឱ្យគុណភាពខ្យល់កាន់តែអាក្រក់ខ្លាំងឡើងៗ»។
ក្រសួងសុខាភិបាលទីក្រុង New York បានជំរុញឱ្យប្រជាពលរដ្ឋកំណត់ពេលវេលានៅខាងក្រៅ ជៀសវាងកុំមានសកម្មភាពរាងកាយខ្លាំង និងចាត់វិធានការប្រុងប្រយ័ត្នបន្ថែម សម្រាប់កុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម។ ទីក្រុងនេះក៏បានចែកចាយម៉ាស់ KN95 នៅបណ្ណាល័យ ប៉ុស្តិ៍នគរបាល និងស្ថានីយពន្លត់អគ្គិសភ័យផងដែរ។
ក្តីបារម្ភអំពីគុណភាពខ្យល់បានទាក់ទាញការចាប់អារម្មណ៍ជាពិសេស ដោយសារតែពហុកីឡដ្ឋាន MetLife ជាកន្លែងដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវលេង គឺជាទីលានបើកចំហគ្មានដំបូល ដែលធ្វើឱ្យកីឡាករ និងអ្នកទស្សនាប្រហែល ៨២.០០០នាក់ ប៉ះពាល់ដោយផ្ទាល់ទៅនឹងលក្ខខណ្ឌអាកាសធាតុខាងក្រៅ៕

