UN៖ ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានស្វាគមន៍ការជម្លៀសជនស៊ីវិល ប្រកបដោយសុវត្ថិភាពចេញពីរោងចក្រដែកថែបក្នុងទីក្រុង Mariupol របស់ប្រទេសអ៊ុយក្រែន។

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកសប្បាយចិត្តណាស់ដែលជនស៊ីវិលជាង ១០០នាក់ត្រូវបានជម្លៀសចេញដោយជោគជ័យពីរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol ក្នុងប្រតិបត្តិការក្រោមការជួយសម្របសម្រួល ដោយជោគជ័យពីអង្គការសហប្រជាជាតិ និងគណៈកម្មការកាកបាទក្រហមអន្តរជាតិ។

លោក Guterres បាននិយាយថា លោកសង្ឃឹមថា ការសម្របសម្រួលដែលនៅតែបន្តជាមួយក្រុង Kyiv និងក្រុង Moscow នឹងនាំឲ្យមានការបើកច្រករបៀងមនុស្សធម៌បន្ថែមទៀត ដែលនឹងអនុញ្ញាតឲ្យជនស៊ីវិលចាកចេញតាមច្រកសុវត្ថិភាពពីការប្រយុទ្ធគ្នា និងបើកផ្លូវសម្រាប់ការដឹកជញ្ជូនជំនួយ ជួយមនុស្សដែលកំពុងត្រូវការជំនួយបន្ទាន់។ សារព័ត៌មានបានរាយការណ៍ថា ទាំងទាហានរុស្ស៊ី ទាំងទាហានអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាង ១០០នាក់ត្រូវបានជម្លៀសចេញពីទីក្រុងរងការឡោមព័ទ្ធមួយនេះ៕
អត្ថបទ៖ សុខមាន