រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងធ្វើដំណើរនៅចុងសប្តាហ៍នេះទៅកាន់កិច្ចប្រជុំនៃបណ្ដាប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងម៉ានីលរបស់ហ្វីលីពីន ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងជួបជាមួយសមភាគីចិនរបស់លោក ដើម្បីរៀបចំកិច្ចប្រជុំកំពូលខែកញ្ញា រវាងមេដឹកនាំចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងម៉ានីល នៅសប្តាហ៍ក្រោយផងដែរ សម្រាប់កិច្ចប្រជុំដែលពាក់ព័ន្ធនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ដែលមានសមាជិកចំនួន ១១ប្រទេស រួមជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីមកពីប្រទេសជប៉ុន អូស្ត្រាលី កាណាដា និងអង់គ្លេស។
ការជួបជុំគ្នានេះបានកើតឡើងនៅពេលដែលមានអស្ថិរភាពសកលលោក ដោយសង្គ្រាមអ៊ីរ៉ង់ បានរំខានដល់ពាណិជ្ជកម្មសកល និងបង្កើតភាពតានតឹងសេដ្ឋកិច្ច នៅទូទាំងតំបន់អាស៊ី។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា លោក Rubio នឹងចាកចេញទៅកាន់ទីក្រុងម៉ានីល នៅថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសក្រោយសន្និសីទអាស៊ាន (ASEAN Post-Ministerial Conference) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit Foreign Ministers' Meeting) និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃវេទិកាតំបន់អាស៊ាន (ASEAN Regional Forum Foreign Ministers' Meeting)។
យ៉ាងណាក្ដី ទាំងសហរដ្ឋអាមេរិក និងចិនមិនទាន់បានបញ្ជាក់នៅឡើយទេថា តើអ្នកការទូតជាន់ខ្ពស់របស់ប្រទេសទាំង២ នឹងជួបគ្នាក្នុងអំឡុងពេលវេទិកានេះដែរ ឬអត់ បើទោះជាវាត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ហើយតំណាងមកពីប្រទេសទាំង២ ធ្លាប់បានធ្វើដូច្នេះពីមុនក៏ដោយ៕
